ក្រុមការងារស្រុក ចុះ សិក្សាស្ដារប្រឡាយ និងធ្វើផ្លូវគ្រួសក្រហម ១ខ្សែ ៣៧០ម ប្រទល់ភូមិកំពង់ត្រាចទី១

0

កំពត នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣,៣០នាទីលោក ជួន សុភា អភិបាលរងស្រុក និងជាប្រធានក្រុមជំនួយការក្រុមការងាររដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំកំពង់ត្រាចខាងកើត និងអាជ្ញាធរឃុំកំពង់ត្រាចខាងលិច ចុះពិនិត្យសិក្សាសំណើសុំស្ដារប្រឡាយ និងធ្វើផ្លូវលំក្រួសក្រហម ១ខ្សែប្រវែង ៣៧០ម តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅប្រឡាយផ្លូវលំខាងជើង ដែលស្ថិតលើព្រំប្រទល់ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ជាប់នឹងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

សូមបញ្ជាក់ជូនថា គំរោងនេះត្រូវបានប្រជាពលរដ្ឋស្នើឡើងក្នុងវេទិកាសារធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឃុំទាំងពីរខាងលើជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ ។

សមាសភាពចូលរួម មាន ៖ ១-លោក ទិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុក និងជាអនុប្រធានក្រុមជំនួយការក្រុមការងាររដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត
២-លោកស្រី លឹម លុយ មេឃុំកំពង់ត្រាចខាងកើត
៣-លោក ចេង តាន់ មេឃុំកំពង់ត្រាចខាងលិច
៤-លោកមេភូមិកំពង់ត្រាចទី១
៥-លោកមេភូមិកំពង់ត្រាចទី២
៦-លោកអនុភូមិកំពង់ត្រាចទី២
៧-ប្រជាពលរដ្ឋមួយចំនួន ដែលមានក្បាលដីជាប់ប្រឡាយ ។

ជាមួយការចុះសិក្សាសំណូមពរនិងពិនិត្យស្ថានភាពប្រឡាយខាងលើ បងប្អូនប្រជាពលរដ្ឋម្ចាស់សំណើ និងបងប្អូនដែលមានក្បាលដីនៅជាប់ប្រឡាយ បានសំដែងនូវភាពសប្បាយរីករាយ នឹងសន្យាជាមួយក្រុមការងារថា នឹងចូលរួមបរិច្ចាគនៅពេលដែលអាជ្ញាធរស្ដារប្រឡាយរំដោះទឹក និងធ្វើផ្លូវលំខាងលើនេះ ។

ក្នុងឱកាសនេះដែរ លោកអភិបាលរងស្រុក បានជម្រាបទៅបងប្អូនប្រជាពលរដ្ឋថា អាជ្ញារឃុំ-ស្រុក នឹងខិតខំធ្វើការដោះស្រាយសំណើជូនបងប្អូនទៅតាមស្ថានភាពចាក់ស្ដែង ប៉ុន្តែសំណូមពរសុំឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារជំនាញពេលចុះសិក្សាវាស់វែងកំណត់ព្រំដី ឈានទៅការស្ដារប្រឡាយ និងធ្វើផ្លូវ ។