សៀមរាប៖ ដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្ដសៀមរាប នៅលើផ្ទៃដីប្រមាណជាង ជិតមួយពាន់ហិកតាបានចាប់ផ្ដើមប្រមូលផលជាគ្រាប់បណ្តើរៗហើយ ដោយបង្ហាញទិន្នផលឆ្នាំ២០២០នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៩ បើប្រៀបធៀបរយ:ពេលនៃការផ្តល់ផលលើកដំបូងដូចគ្នានេះ ។
លោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្ដសៀមរាប ឧត្ដរមានជ័យ និងជាម្ចាស់ចំការស្វាយចន្ទីរនោះ បានឲ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០នេះថា ពេលនេះកសិករដែលប្រកបរបរដាំដំណាំស្វាយចន្ទី បានប្រមូលផលលើកដំបូងហើយនៅដើមឆ្នាំ២០២០នេះ ដែលទិន្នផលគ្រាប់ស្វាយចន្ទីរ ហាក់ប្រសើរជាងឆ្នាំមុន២០១៩ ដោយសារដើមស្វាយចន្ទីរមានភាពលូតលាស់ធំជាងមុន ហើយការថែទាំងក៍បានល្អ ស្របពេលដែលការប្រមូលផលនេះចំរដូវខែត្រជាក់ ការប្រមូលផលនេះ បានធ្វើឡើងចាប់ពីខែកុម្ភៈនេះ ។ លោកបានបន្ដថា ចំពោះតម្លៃថ្លៃថ្នូរនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយសារលោកហាលគ្រាប់ស្វាយចន្ទីរក្សាទុកនៅរដូវចុងដៃនៃការប្រមូលផលចប់ ដែលអាចមានតម្លៃមួយគីឡូគ្រាមលើលើសពី៨០០០រៀលឡើងទៅ ខណៈដែលគ្រាប់ស្វាយចន្ទីរនោះបានហាលស្ងួតល្អ ។
លោក ហុយ ភៀវ ដែលជាម្ចាស់ចម្ការបានឲ្យដឹងទៀតថា តាមការកត់សម្គាល់តម្លៃគ្រប់ស្វាយចន្ទី ដែលចាប់ផ្ដើមប្រមូលផលដំបូង ត្រូវបានលក់ចេញអោយឈ្មួញទិញនៅចម្ការមួយគីឡូក្រាមពី ៥០០០រៀល ពេលខ្លះឈ្មួញទំលាក់ថ្លៃក្រោម៥០០០រៀល ហើយពេលខ្លះឡើងលើសពីនោះទៀត ។
បើតាមម្ចាស់ចំការស្វាយចន្ទី លោក ហ៊ុយ ភៀវ ដែលមានអាសយដ្ឋានៅខេត្ដសៀមរាប លោកបានបន្ដថា ដំណាំនេះវាអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិ ដូចជាការនាំចេញទីផ្សារទៅក្រៅប្រទេសជាដើម ជាពិសេសជួយផ្ដល់ការងារដល់ពលរដ្ឋនៅមូលដ្ឋានថែមទៀតផង។លោកបានបន្ដថា ចំការស្វាយចន្ទីដែលមាន១៥ម៉ឺនដើមនេះបានផ្តល់ការងារឲ្យអ្នកភូមិជុំវិញនោះប្រមាណពី២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃៗដោយអ្នកភូមិទាំងនោះគ្រាន់តែដើររើសផ្លែស្វាយចន្ទីទុំ មកប្រឡេះយកគ្រាប់ រួចយកមកថ្លឹងដើម្បីទូទាត់ប្រាក់ជាការស្រេច ។
លោក ហ៊ុយ ភៀវ បានបន្ដថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនៅជុំវិញមានការងារធ្វើ ចាប់តាំងពីដាំរហូតទទួលផល ដែលការងារនេះបញ្ជៀសការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ។លោកបានបន្ដថា ការប្រមូលផលស្វាយចន្ទីរនេះ ពួកគាត់អាចទទួលបានកំរ៉ៃ ក្នុង១គក តំលៃ៥០០រៀលផងដែរ។បើសរុបនៃការចំណាយក្នុងមួយឆ្នាំៗទៅលើកម្មករលើការប្រមូលផលស្វាយចន្ទី គិតជាសាចប្រាក់គឺ មិនក្រោម ១០ម៉ឺនដុល្លាអាមេរិកក្នុងមួយឆ្នាំនោះឡើយ ។
បើតាមលោក មិន ជួប មេឃុំពង្រលើ ស្រុកជីក្រែង បានអោយដឹងថានៅរដូវប្រមូលផលស្វាយចន្ទីនេះ គឺបានជួយផ្ដល់ការងារដល់ពលរដ្ឋនៅតំបន់នោះបានប្រមាណ៨០%កាត់បន្ថយចំណាកស្រុក ព្រោះចំការស្វាយចន្ទីជាង៨០០ហិកតានោះនៅជិតផ្ទះប្រជាពលរដ្ឋដែលអាចចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរខណៈដែលម្ចាស់ចំការតែងផ្ដល់ការងារអោយពួកគាត់ធ្វើជារៀងរាល់ថ្ងៃ ៕

ដោយ៖ អ៊ុន ណារាជ្យ




































