ព្រះវិហារ៖ ថវិកាសរុបជិត៣០លានរៀល ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារសព លោកព្រិន្ទបាលឯក ជិន ហ៊ាត់ អត្តលេខ២០.៣១.៧៧ នាយក្រុម២ កងអនុសេនាតូច២ កងអនុសេនាធំទី៣ វរសេនាតូច៣៨៥ បានស្លាប់ដោយសារគ្រាប់មីនសល់ពីសម័យសង្រ្គាម ខណៈពេលកំពុងបំពេញភារកិច្ចចេញល្បាត នៅតាមចំណុចភូមិសាស្ត្រ បណ្តោយព្រំដែនកម្ពុជា-ថៃ។
តាមរយៈដំណើរអញ្ជើញចុះសាកសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អមដំណើរដោយឯកឧត្តមមេបញ្ជាការរង មេបញ្ជាការវរសេនាតូច និងនាយ នាយរង នៃបណ្ដាការិយាល័យជំនាញពាក់ព័ន្ធ កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងថា ថវិកាដែលនាំយកមកប្រគល់ជូនដល់ដៃក្រុមគ្រួសារសព គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរៈភូមិន្ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏បានអញ្ជើញចូលរួមចំណែកជាមួយក្រុមគ្រួសារសពជាបន្តបន្ទាប់មកហើយដែរ។
ក្នុងនោះរួមមាន៖ ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំនួន១០លានរៀល, ថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ចំនួន៥០ម៉ឺនរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក
ចំនួន៥លានរៀល, ថវិកាឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ដ្រីនាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ចំនួន១លានរៀល អង្កចំនួន១០០គីឡូក្រាម, ថវិកាឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ចំនួន២លានរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ចំនួន២លានរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨
ចំនួន៤លានរៀល, ថវិកាឯកឧត្តម ផាន់ និមិត្ត ចំនួន៤០ម៉ឺនរៀល អង្ករចំនួន១០០គីឡូក្រាម, ថវិកាថ្នាក់ដឹកនាំនៃអាជ្ញាធម៌មីន ចំនួន១លានរៀល, ព្រមទាំងថវិកា របស់មេបញ្ជាការតាមបណ្តាវរសេនាតូចទាំង៥ចំណុះ កងពលតូចអន្តរាគមន៍លេខ៨ ចំនួន១លាន៦០ម៉ឺនរៀល, ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន២៧,៩០០,០០០រៀល (ម៉ាភិយប្រាំពិលលាន ប្រាំបួនសែនរៀល)។
នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន បានធ្វើការផ្តាំផ្ញើដោយណែនាំ សូមឲ្យប្អូនស្រីត្រូវកាត់ចិត្ត ហើយរឹងមាំ មិនត្រូវផ្ដេកផ្ដួលទៅតាមព្រេងវាសនានោះឡើយ។ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំយុទ្ធសាស្រ្ត លើដីធ្លីគោលរបប របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានផ្តល់អោយ។ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារ និងអនាគតកូនៗ ដែលកំពុងបំពេញការងារសិក្សារៀនសូត្រ។ ជាមួយគ្នានោះឯកឧត្តម មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានសន្យាដោយប្តេជ្ញាចិត្តថា និងសាងសង់ផ្ទះថ្មីមួយខ្នង ជូនដល់គ្រួសារសព ឲ្យរស់នៅបានសមរម្យ ក្រោយការរៀបចំពិធីបុណ្យចប់សព្វគ្រប់។
សូមបញ្ជាក់ថា៖ លោកព្រិន្ទបាលឯក ជិន ហ៊ាត់អត្តលេខ២០៣១៧៧ នាយក្រុមទី២ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ បានរងគ្រោះថ្នាក់ស្លាប់បាត់បង់អាយុ ជីវិតដោយជាន់មីនចាស់ ខណៈពេលកំពុងចុះបំពេញភារៈកិច្ចការពារបូរណៈភាពទឹកដី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្នុងភូមិសាស្ត្រ៣៩៨ ខ្សែត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា.ថៃ ក្នុងទឹសទី១ប្រាសាទព្រះវិហារ កាលពីវេលាម៉ោង១២.១០នាទី ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រភ្នំ៣៩៨ ខាងត្បូងអន្លង់រាំងជើងភ្នំ៥០០ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា




































