អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ដាក់ស្នើទៅយោធា សុំការអនុញ្ញាត ធ្វើដំណើរទៅកាន់អ៊ឺរ៉ុប ជាមួយកូនប្រុស រយៈពេល ២០ថ្ងៃ ។ យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីត
នាយករដ្ឋមន្ត្រី
បានដាក់លិខិតទៅកាន់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ប្រធានគណៈរក្សាសន្តិសុខជាតិ ដើម្បីសុំអនុញ្ញាត ធ្វើដំណើរទៅកាន់ប្រទេស នៅទ្វីប អ៊ឺរ៉ុប ជាមួយកូនប្រុសបង្កើត ចាប់ពីថ្ងៃទី ២០ ខែ កក្កដា រហូត ដល់ថ្ងៃទី ១០ ខែ សីហា សរុប រយៈពេល ២០ថ្ងៃ ។ ប្រភពព័ត៌មានដោយឡែកមួយទៀត បានឲ្យដឹងថា លោកស្រី យីងឡាក់ មានគម្រោងធ្វើដំណើរ ទៅ ប្រទេស បារាំង ដើម្បីជួបអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងឱកាសគ្រប់ខូប ៦៥ ឆ្នាំ ដែលនឹងប្រារព្ធនៅថ្ងៃទី ២៦ ខែ កក្កដា ខាងមុខនេះ ។
គួរបញ្ជាក់ដែរថា កន្លងមក គណៈរក្សាសន្តិសុខ បានចេញសេចក្តី ហាមបុគ្គលសំខាន់ ១៥៥ រូបមិនឲ្យធ្វើដំណើរចាកចេញពីប្រទេស និង ត្រូវបង្ហាញមុខ តាមកោះការហៅរបស់យោធា នៅក្នុងបញ្ជីឈ្មោះទាំងនោះ មានឈ្មោះ លោកស្រី យីងឡាក់ ផងដែរ។មកទល់នឹងពេលនេះ មិនទាន់ដឹងថា លោកប្រាយុទ្ធ បានអនុញ្ញាត ឲ្យលោកស្រី យីងឡាក់ ចាកចេញពីប្រទេស ដែរ ឬ អត់?នោះទេ ។