កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបនិងរឹបអូសឈើបាន៨កំណាត់ ប្រគល់ឲ្យមេព្រៃចាត់ការបន្ត

0

ខេត្តរតនគិរី÷ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបនិងរឹបអូសឈើបានចំនួន៨កំណាត់ ត្រូវបានក្រុមឈ្មួញកាប់បផ្លិចបំផ្លាញព្រៃឈើសហគមន៍មួយកន្លែងពុំមានអាជ្ញាធរមូលដ្ឋានឬក៏ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នោះទេ មានតែបណ្តែតបណ្តោយឲ្យមានប្រព្រឹត្តិបទល្មើសបន្ថែមទៅទៀត។

ការចុះបង្ក្រាបឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ដោយមានកម្លាំងអាវុធហត្ថស្រុក៦នាក់
ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានបានធ្វើការចុះបង្ក្រាបនិងរឹបអូសឈើនៅរាយប៉ាយក្នុងព្រៃដែលក្រុមឈ្មួញទុច្ចរិតបានកាប់នៅក្នុងព្រៃសហគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ឈើដែលចុះបង្ក្រាបនេះមានចំនួន៨កំណាត់មានមុខកាត់ធំៗ ប្រវែង៣ទៅ៤ម៉ែត្រ ជាប្រភេទឈើកកោះនិងសុក្រំ ហើយនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ បានប្រមូលនិងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ រងចាំប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត។

សូមរំលឹកផងដែរថា ការចុះបង្ក្រាបឈើទាំងអស់នេះ មានតែកម្លាំងអាវុធហត្ថបង្ក្រាបប៉ុណ្ណោះទេ គឺបទល្មើសព្រៃឈើបានកើតឡើងយ៉ាងកំហុកនៅក្នុងស្រុកអូរយ៉ាដាវនេះ ខណ:ដែលអាជ្ញាធរភូមិ ឃុំ ស្រុកមិនមានវិធានការទប់ស្កាត់និងបង្ក្រាបឡើយ។ ពោល គឺខ្លាចប៉ះពាល់ដល់លាភសក្ការ:របស់ខ្លួន ផ្ទុយពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឲ្យថ្នាក់ក្រោមជាតិធ្វើការទប់ស្កាត់និងបង្ក្រាបធនធានធម្មជាតិព្រៃឈើ ប៉ុន្តែអ្នកទាំងនោះមិនអនុវត្តតាមឡើយ៕ដោយ សាវុទ្ធ