ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងរឹបអូសឈើបានជាច្រើនកំណាត់ដែលក្រុមឈ្មញបានចូលទៅកាប់ឈើនៅក្នុងដែនព្រៃសហគមន៍បម្រុងទុករបស់រដ្ឋមួយកន្លែង ដឹកបន្តយកមកលាក់ទុកនៅមាត់ទន្លេសេសាន និងដាក់លើទូកដឹកទៅត្រើយម្ខាងនៃទឹកដីប្រទេសវៀតណាម តាមច្រករបៀង ប៉ុន្តែត្រូវបានបែកការណ៍។
ការចុះបង្ក្រាបឈើខាងលើនេះធ្វើឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចតាមបណ្តោយមាត់ទន្លេសេសាន ស្ថិតនៅក្នុងភូមិដរភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះមានកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនិងបរិស្ថាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក កម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងអធិការស្រុកបានចូលរួមផងដែរ។
សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនេះ មានចំនួន២២០កំណាត់ មានមុខកាត់ក្លុំបួនជ្រុង ប្រវែង២.៥០សង់ទីម៉ែត្រទៅដល់៣សង់ទីម៉ែត្រ ជាប្រភេទឈើស្រឡៅ ឈើសុក្រំ និងឈើផ្ចឹក នៅពេលនោះដែរ សមត្ថកិច្ចមិនទាន់បានធ្វើការដឹកជញ្ជូនទេ
ដោយសាពេលវេលារយប់ជ្រៅក៏កម្លាំងសមត្ថកិច្ចបាននាំគ្នាដេកយាមមួយយប់ទល់ភ្លឺនៅកន្លែងចុះបង្ក្រាបនោះ ហើយព្រឹកឡើងថ្ងៃទី១៩ កុម្ភ: ទើបកម្លាំងសមត្ថកិច្ចចម្រុះបានបន្តប្រមូលឈើយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្ត។ ប៉ុន្តែឈើទាំងអស់នេះសមត្ថកិច្ចចម្រុះមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែរាប់ឲ្យដឹងពីចំនួនឈើតែប៉ុណ្ណោះ៕ ដោយ សាវុទ្ធ