កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាន ថ្លែង ថា ការ ថែទាំ សុខភាព ជា រឿង សំខាន់ ណាស់ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ បន្ត ការ ថែទាំ សុខភាព បេី មាន ករណី មិន ស្រួល គឺ ប្រញាប់ប្រញាល់ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី ទទួល ការ ព្យាបាល ភ្លាមៗ ដោយ មន្ត្រី បុគ្គលិក ពេទ្យ នៅ ប្រចាំ ការ ២៤ម៉ោង លើ ២៤ម៉ោងផងដែរ ។
ការ ថ្លែង យ៉ាង ដូច្នេះក្នុងពិធី អបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ដែល បាន ធ្វេី ឡើង នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ ប្រមាណជា ១៥០នាក់ ផងដែរ ។
បន្ទាប់ពី លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាក្រហមកម្ពុជា ខេត្តកំពង់ចាម អាននូវសាលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាសុខភាពមាតា ទារក និងកុមារ រួចមក ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ទិវាជាតិថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំក្រោមប្រធានបទ «សុខភាពកុមារកម្ពុជា នាពេលអនាគត» ។
ឯកឧត្ដម បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមន្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំ ចំពោះ គ្រួសារដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព ក្នុងការសម្រចបាននូវការគ្រប់ដណ្ដប់សេវាសុខភាព ជាសកលនៅកម្ពុជា និងជាការយកចិត្តទុកដាក់ ចំពោះ ការថែទាំជាបន្តលើកការលូតលាស់ របស់ទារក ចាប់ពីនៅក្នុងផ្ទៃម្ដាយ ទារកទើបកើត និងបន្តថែទាំដល់កុមារតូច ឲ្យមានការលូលាស់ល្អទាំងរាងកាយ ស្មារតី និងប្រាជ្ញា ។
ដូច្នេះ ដើម្បី ឲ្យកូនមានការលូតលាស់ល្អ បងប្អូនស្ត្រី ដែលជាម្ដាយ ចាំបាច់ណាស់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូលាស់ របស់កូន ការពន្យាកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ដើម្បី ឲ្យមាតា និងទារក មានសុខភាពល្អ ។ ក្រៅពីនោះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនបងប្អូនកម្មការិនីរោងចក្រ សហគ្រាស ដើម្បី ទទួលបានសេវាគាំពារសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា អ្វីឡើយ ក្នុងន័យចូលរួមចំណែក លើកកម្ពស់សុខុមាលភាពបងប្អូនស្ត្រីកម្ពុជា ជាពិសេស ការកាត់បន្ថអត្រាមរណភាពមាតា និងទារក ផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ ចំនួន ១០០នាក់ ដោយ ១គ្រួសារៗ ទទួលបាន កន្សែង ១ កន្ទបកូនក្មេង ១យួរ សាប៊ូកូនក្មេង ១ដប សារ៉ុង ១ ក្រម៉ា ១ និងថវិកា ២០.០០០រៀល ផងដែរ ៕





































