ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ រួមមាន កម្លាំងប្រជាការពារ កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
ទោះជាមានបម្រាមយ៉ាងតឹងរ៉ឹងក្នុងការចូលទន្ទ្រានព្រៃនៅតំបន់ក្បាលឆាយ តែក្រុមពលរដ្ឋមកពីតំបន់មួយចំនួននៅតែលួចចូលកាប់ទន្រ្ទានព្រៃយកដីសង់ខ្ទមតូចៗព្រោងព្រាតដូចផ្សិតតាមការអូសទាញពីមេខ្យល់លាក់មុខ ហើយអាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្លាប់បានប្រកាសថា ក្បាលឆាយជាប្រភពទឹកសាបដ៏សំខាន់តែមួយគត់របស់ខេត្តព្រះសីហនុ។តំបន់នេះត្រូវតែការពារអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបសម្រាប់ប្រើនៅខេត្តព្រះសីហនុ។
ទន្ទឹមនេះអាជ្ញាធរខេត្តព្រះសីហនុ ក៏បានចាត់វិធានការជាបន្តបន្ទាប់ផងដែរទៅលើក្រុមអនាធិបតេយ្យមួយចំនួនដែលបានលបលួចចូលទៅទន្រ្ទានព្រៃយកដីកាន់កាប់នៅតំបន់នេះតាមធ្វើបាយផ្សេងៗ។
ប៉ុន្តែក្រោយពេលកំលាំងអាជ្ញាធរដកចេញវិញមិនបានប៉ុន្មានថ្ងៃផង សកម្មភាពសង់ខ្ទមទាំងនោះត្រូវបានគេសង់ឡើងវិញមានចំនួនច្រើនលើសដើម។សកម្មភាពនេះទំនងជាអាចមានអ្នកពាក់ព័ន្ធខ្លះនៅពីក្រោយខ្នងប្រជាពលរដ្ឋ និងញុះញង់អោយចូលទៅកាប់ព្រៃសង់ខ្ទមចាំដីនៅទីនោះ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា ថ្ងៃនេះកម្លាំងបានចុះរុះរើជាថ្មីទៀត ដើម្បីទប់ស្កាត់ការលួចកាប់ឆ្ការ ទន្ទ្រានរានចូលកាន់កាប់ដីសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់របស់ក្រុមអនាធិបតេយ្យ នៅតំបន់ក្បាលឆាយដែលជាតំបន់ព្រៃការពារសម្រាប់រក្សាប្រភពទឹកសាបប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ។នេះជាសកម្មភាពលើកទី៤ ដែលកម្លាំងគណៈបញ្ជាការឯកភាព ក្រុង-ខេត្តព្រះសីហនុ បានចុះមករុះរើសំណង់ខ្ទមមិនរៀបរយនៅចំណុចទីតាំងខាងលើនេះ។
សូមបញ្ជាក់ថានៅទីតាំងដែលបានរងការកាប់រាននេះស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ខ្ទមអនាធិបតេយ្យទាំងនេះ ត្រូវបានប្រជាពលរដ្ឋកាប់ព្រៃដើមអាកាស្យារដ្ឋនៅកន្លែងនោះយកមកសាងសង់តែម្តង។កន្លងមករដ្ឋបាលខេត្តព្រះសីហនុ តែងបានផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានដោយ មិនអនុញ្ញាតឲ្យចូលកាប់ឆ្ការ ឬទន្ទ្រានយកដីព្រៃនោះ ដើម្បីសង់លំនៅដ្ឋានរស់នៅឡើយ៕
(ខៀវ សាវ៉ុន)




































