ព្រះវិហារ៖ ស្នងការនគរបាលខេត្តព្រះវិហារ បានរៀបចំប្រារព្ធទិវាជាតិបង្កានិងពន្លត់អគ្គីភយ័លើកទី៥ ក្រោមក្រោមវត្តមានលោក ស៊ូ សេរី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេតព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងទីលានបាល់ទាត់ក្រុងព្រះវិហារ។ និងមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុ សិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។
ថ្លែងនៅក្នុងឱកាសនោះ លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖ ការបង្ការ និងពន្លត់គ្រោះអគ្គីភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និងចូលរួមពន្លត់នៅពេលមានគ្រោះអគ្គិភ័យកើតមានឡើង និងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និងពន្លត់អគ្គិភ័យ និងលិខិតបទដ្ឋានគតិយុត្តនានា និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីវិធានការណ៍បច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនក្លឹបកម្សាន្តតាមផ្សារ និងអាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ករណីគ្រោះអគ្គីភ័យ គឺពិតជាបានបង្កនូវវិនាសកម្ម ច្រើនដោយនៅពេលខ្លះធ្វើឲ្យបាត់បង់ដល់អាយុជីវិត ធ្លាក់ខ្លួនពិការ ភាពចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និងឯកជនផងដែរ។
ជាមួយគ្នានោះលោកស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់គ្រប់ស្ថាប័ន មន្ត្រីរាជការ និងវិស័យឯកជន ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គិភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើនការចាត់វិធានផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នគ្រប់វិនាទី។ លោកថាដើមចម ដែលអាចបង្កកើតមានគ្រោះអគ្គីភ័យឡើងមានដូចជាភ្លើងចង្ក្រាន, ភ្លើងចង្កៀង, ភ្លើងទៀនធូប, ភ្លើងព្រៃ, ភ្លើងបារី,
រំសែវជាតិផ្ទុះ, ប្រេងឥន្ធៈ, ឧស្ម័នចំហេះសារធាតុគីមី, ដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋាន, សណ្ឋាគារ, ផ្ទះសំណាក់, ក្រុមហ៊ុន, ភោជនីយដ្ឋាន, និងក្លឹបកំសាន្តជាដើម។
មានប្រសាសន៍លើកឡើង រាយការណ៍ជូនគណៈអធិបតី នៅក្នុងកម្មវិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៥ លោកឧត្តមសេនីយ៍ត្រី សំ សាមឿន ស្នងការរងទទួល
ការងារបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលកខេត្តព្រះវិហារ បានអោយដឹងថា៖ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះ។ លោកស្នងការរងបានបញ្ជាក់ថា ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញបានចុះធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ម្ចាស់រោងចក្រសហគ្រាស និង ប្រជាពលរដ្ឋ អំពីរបៀបនៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀនអំពីរបៀប នៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័នៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ៕សួនលីណា





































