កំពង់ចាម: អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ស្រុកស្ទឹងត្រង់នឹងប្រែក្លាយទៅជាតំបន់ទីប្រជុំជនកណ្តាល បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធឆ្លងឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមេសរារាម (ហៅវត្តស្រែវាល) ស្ថិតក្នុងភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ត្រូវមានសន្តិភាព សមិទ្ធផលថ្មីៗជាច្រើនត្រូវបានកសាងឡើង ដោយប្រទេសជាតិយើងមានសុខសន្តិភាព ជាក់ស្ដែងស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ នឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើនោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃទៀត ដោយមិនត្រូវចំណាយថវិកា និងពេលវេលាធ្វើដំណើរផ្លូវវាងឆ្ងាយ ដែលអាចធ្វើឲ្យស្រុកស្ទឹងត្រង់នេះនឹងប្រែក្លាយទៅជាតំបន់ទីប្រជុំជនកណ្ដាលផងដែរ។ 
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលដែលបានផ្ដល់ ប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព សម្រាប់មន្ត្រីរាជការ កម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងការថែទាំសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីលើកកម្ពស់សុខុមាល
ភាពបងប្អូនស្ត្រី ជាពិសេស ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ព្រមទាំងអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលមកទទួលសេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ នៅតាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តកំពង់ចាម ផងដែរ ៕






































