ខេត្តកណ្តាល ៖ នៅថ្ងៃចន្ទ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះ ស្ត្រីទេីបសម្រាលកូន អ្នកជំងឺ និងបុគ្គលិកពេទ្យ-កម្មករ ចំនួន ៥២៩នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ក្មួយៗជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចដែលបានចូលរួមក្នុងកម្មវិធីនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណនិងកោតសរសេីរចំពោះ ឯកឧត្តម គង់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលបានថ្លែងរបាយការណ៍ស្តីពីសមិទ្ធផលរបស់សាខា និងអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនបងប្អូនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ពីសារបាននៃការកំណត់ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ នេះ ស្របពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ ក្នុងតួនាទីជា ឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបំពេញការងារយ៉ាងសំខាន់ជួយពង្រឹងកម្លាំងចលករទាំងអស់ ក្នុងការគាំពារសុខភាពស្ត្រីនិងកុមារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជាអ្នកអំពាវនាវកៀរគរមតិ និងធនធានប៉ុណ្ណោះទេ សម្តេច ថែមទាំងជាអ្នកផ្តល់គម្រូល្អ បំផុសគំនិតដល់អ្នកជំនាន់ក្រោយ ឱ្យបន្តវេនបំពេញការងារមនុស្សធម៌ ការងារសង្គម និងជាពិសេសជួយលេីកកម្ពស់វិជ្ជាជីវៈឆ្មបជំនាញ ដេីម្បីជួយគ្រប់ស្ត្រីទាំងអស់ទទួលបាននូវមាតុភាពល្អប្រសេីរ ទារកនិងកុមារទាំងអស់មានសុខភាពល្អរឹងមាំ និងបញ្ញាស្មារតីឆ្លាតវាងវៃ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ការធ្វេីឱ្យមានការប្រែប្រួល រីកចម្រេីនស្ថានភាពសុខភាព ស្ត្រី និងកុមារ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វេីតែម្នាក់ឯងបានទេ ដែលការងារនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធនធានគ្រប់ផ្នែក ជាពិសេស ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់បុគ្គលជាស្ត្រីគ្រប់រូប ដែលត្រូវថែទាំខ្លួនឯង និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ ប្តេជ្ញារួមគ្នាកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារកនៅពេលសម្រាល។
សូមបញ្ជាក់ជូនថា អំណោយផ្តល់ជូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្សែង២) និងថវិកា ១០ម៉ឺនរៀល។ ផ្តល់ជូនស្ត្រីទេីបសម្រាលកូន-ត្រៀមសម្រាល និងអ្នកជំងឺ ៦៤នាក់ សម្រាកនៅតាមបន្ទប់ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្សែង២ មី១កេស ត្រីខ ១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់តូច និងថវិកា ១០ម៉ឺនរៀល។ ផ្តល់ជូនបុគ្គលិកពេទ្យ និងកម្មករ ៦៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល៕




































