លោកប៊ុន រដ្ឋា តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះបំពាក់ឯកសណ្ឋានប្រជាការពារភូមិព្រៃឆ្កាចំនួន១៣នាក់  

0

សៀមរាប៖ លោកប៊ុន រដ្ឋា បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍​អប្សរា តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាចាងហ្វាង សារព័ត៌មាន ខេមរា បានប្រារព្វពិធី បំពាក់ឯកសណ្ឋានជូនប្រជាការពារនៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន១៣នាក់ ដើម្បីងាយ ស្រួលបំរើការងារការពារសុខសុវ័ត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារនៅក្នុងភូមិព្រៃឆ្កា ស្ថិតក្រោមអធិបតីភាព លោក សុខ សុទ្ធាវុធ អធិការនគរបាល ស្រុកជីក្រែង លោក ប៊ុន រដ្ឋា បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និនិងទូរទស្សន៍អប្សរា កងកម្លាំង កងរាជអាវុធហត្ថស្រុកជីក្រែង ផ្នែកសឹករងស្រុកជីក្រែង និងលោក ជា ណារ៉ុង  អ្នកស្រី វង្ស ដាលិស និងអ្នក ស្រី វង្ស ដាលីន អ្នកស្រី វង្ស ដារីយ៉ា ដែលជាសម្បុរសជន  និងមេភូមិ មេឃុំ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

លោក ប៊ុន រដ្ឋា ចាងហ្វាង សារព័ត៌មាន ខេមរា បានឲ្យដឹងថា បានពាំពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីឯកឧត្តម សោម ស៊ុន ជូនដល់បងប្អូនប្រជាការពារ ក្នុងភូមិព្រៃឆ្កាទាំងអស់ ដែលបានលះបង់ទាំងកម្លាំងចិត្តកម្លាំងកាយ លះបង់ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីស្ម័គ្រចិត្តជួយដល់រាជរដ្ឋាភិបាល ចូលបំរើក្នុងការងារ ការពារសុខសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យសម្រាន្តលង់លក់អស់ក្តីព្រួយបារមណ៍ ពីបញ្ហាអសុវត្តិភាពផ្សេងៗ ក្នុងនោះក៏បានផ្តាំផ្ញើរ ឲ្យប្រជាការពារ គោរពនូវច្បាប់និងជាគំរូដ៏ល្អ ដល់ប្រជាពលរដ្ឋ អនុវត្តការងារសន្តិសុខសហការជាមួយ សមត្ថកិច្ចជំនាញ ឲ្យបានទាន់ពេលវេលា ។

លោក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានមានប្រសាសន៍ ផ្តាំផ្ញើរ ដល់ប្រជាការពារគ្រប់រូប ឲ្យធ្វើជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋ សហការសាមគ្គីឯកភាពផ្ទៃក្នុង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ មិនត្រូវប្រព្រឹត្តទង្វើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ មិនធ្វើអ្វីនាំឲ្យ មានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ សហការជាមួយកងកម្លាំងសមត្ថកិច្ច រាយការណ៍ជូនសមត្ថកិច្ចឲ្យបាន ទាន់ពេលវេលា ករណីបទល្មើសជាក់ស្តែងត្រូវឃាត់ខ្លួនជនបង្ករប្រគល់ឲ្យសមត្ថកិច្ច ។

លោក សុខ សុទ្ធាវុធ បានកោតសរសើរចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែង បំរើការងារ សន្តិសុខនៅក្នុងមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ បើទោះបីជាគ្មានប្រាក់ឧបត្ថម្ភក្តី ក៏បងប្អូននៅតែចូលរួម ការពារសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីចូលរួមគោរព នូវគោលនយោ​បាយភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលទាំង៩ចំនុច  ការពារទប់ស្កាត់ អំពើរចោរលួច ចោតប្លន់ និងការជួញដូរ ចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន ជាចុងក្រោយនៃពិធី ក៏មានការចែកសារ៉ុងដល់លោកយាយ ចំនួន៥០សារ៉ុង និងពិសារនំបញ្ចុកតេជោ សន្តិភាពសាមគ្គី យ៉ាង អធិកអធ័មផងដែរ។

ដោយប៊ុនវណ្ណ:កិត្តិសក្កិ