កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលបានបង្រ្កាបរថយន្តកែឆ្នៃដឹកឈើគ្មានលិខិតច្បាប់អនុញ្ញាត

ខេត្តក្រចេះ ៖ ដោយយោងតាមបទបញ្ជា និងអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យកម្លាំងកងរាជអាវុធទទួលខុសត្រូវតាមមូលដ្ឋានរបស់ខ្លួន សហការបង្រ្កាបធនធានធម្មជាតិ ដោយមិនត្រូវយោគយល់ និងលើកលែងជាដាច់ខាតចំពោះ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើដោយខុសច្បាប់ ទោះបីរបស់លោកណា អ្នកតូច អ្នកធំណាក៏ដោយ គឺគ្មានការលើកលែងជាដាច់ខាត។

ជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថស្រុកស្នូល ចំនួន៧នាក់ ដែលទទួលបានការណែននាំ ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឲ្យកម្លាំងដឹកនាំកម្លាំងចុះបង្រ្កាប រថយន្ត កែឆ្នៃដឹកឈើគ្មានច្បាប់អនុញ្ញាត កាលពីម៉ោង០៧:០០នាទីដល់ម៉ោង១៥:០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិក្រញូងសែនជ័យ  ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

 

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានឲ្យដឹងថា ក្រោយពីកម្លាំងអាវុធហត្ថបានបង្រ្កាបរថយន្តកែច្នៃ រួមទាំងវត្ថុតាង មានរថយន្តកែឆ្នៃចំនួន០១គ្រឿង  ដឹកឈើ(គគី)ចំនួន៣សន្លឹក ស្មើនឹង២,៤០៣ម៉ែត្រគូប ក្រោយ​មករថយន្ត និងឈើ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល  ចំណែករថយន្ដរក្សាទុកនៅ  ទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្នួល ។ដោយ ប៊ុន រដ្ឋា