ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ បានសម្តែងនូវការត្រេតអរ ដែលអាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សម្រេចផ្លាសប្តូរមន្រ្តីអសកម្មការងារ និងត្រៀមមន្រ្តីថ្មីសម្រាប់បំរើការងារ ក្នុងវិស័យពេទ្យសត្វ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកនេះ មន្រ្តីឡេមឡឺមអសមត្ថភាពធ្វើ ការមិនបានឌិតដល់ និងមិនខ្វល់ខ្វាយពីការងារសុខភាពអានាម័យរបស់ប្រជាពលរដ្ឋ បណ្តែតបណ្តោយឲ្យ ជ្រូក គោ ក្របី កាប់តាមភូមិ យ៉ាងអាណាធិបតេយ្យ ដោយគ្មានការត្រួតពិនិត្យគុណភាព និងតម្រូវឲ្យអាជីវករ បង់លុយប្រចាំឆ្នាំ ។
ពេលដ៏យូរអង្វែងសម្រាប់អ្នករងចាំ តែពេលវេលាដ៏ខ្លី និងឆាប់រហ័សរបស់ មន្រ្តីអសមត្ថភាពការងារ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ និងមានការផ្លាស់ប្តូរ មន្រ្តីចាស់វស្សា និងដាក់មន្រ្តីសាកល្បងដកពិសោធន៍ ចំនួន ៣រូបឲ្យធ្វើការបណ្តោះអាសន្ន ក្នុងការគ្រប់គ្រងរបស់ មន្ទីរកសិកម្មខេត្តកំពង់ធំ បើធ្វើបម្រើរាស្រ្តមិនល្អនិងមាន វាសនាប្តូរជាបន្តបន្ទាប់ទៀត ។
ការផ្លាសប្តូរមុខតំណែង វាជារឿងធម្មតា ដោយសារតែ មិនមែនជាប្លង់រ៉ឹងនោះទេ គ្រាន់តែផ្លាស់មុនពេលកំណត់ និងដល់សុពលភាពតែប៉ុណ្ណោះ ជាក់ស្តែង បែកធ្លាយព័ត៌មានពីអាជីវករដឹកគោ ក្របី និងអាជីវករពិឃាតសត្វស្រុកតាំងគោក និងស្រុកស្ទោង ស្រុកសណ្តាន់ បានបញ្ជាក់ថា ចាប់តាំងពី លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ឡើងគ្រប់គ្រង អជីវករ កាប់គោ ក្របី ជ្រូក នៅតាមផ្ទះ ពុំដែលមានពេទ្យសត្វចុះពិនិត្យនោះឡើយ ដោយគេគិតលុយសរុប ក្នុងមួយក្បាល ១៥០០រៀល ក្នុងមួយឆ្នាំគេយកលុយម្តង និងមិនខ្ចីប្រើមន្រ្តីមានសុពលភាព បែរជាយកមន្រ្តីអស់សុពលភាពក្នុងរូបភាព មន្ត្រីចូលនិវត្តន៍ ឲ្យធ្វើការងារ ចំណែកមន្រ្តីពេញច្បាប់ដើរទាត់ខ្យល់ របណ្ដោយអោយការកាប់សត្វក្រៅសត្វឃាតដ្ឋាន។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានបញ្ជាក់ថា សូមអាជ្ញាធរ ជួយបញ្ឈប់មន្រ្តីខិលខួចកេងចំណេញទៅលើការយកតំលៃហួសសៀវភៅបន្ទុក ការបង្កគ្រោះថ្នាក់ប្រសិនបរិភោគសត្វមានជំងឺ ផ្សេងៗ ក្នុងនោះក៏មានការ លើកឡើងថា មន្រ្ដីពេទ្យសត្វខេត្តកំពងធំ តែងតែធ្វើការមិនសូវសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធ ជាហេតុ ធ្វើឲ្យមានឳកាសកេងចំណេញបាន តែដល់ពេលដែល ត្រូវមុជទឹក ដុះក្អែល កាត់សក់ ឆ្លុះកញ្ចក់ និងកាត់ចោលហើយ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានចេញដីការបង្គាប់អោយមានការផ្លាស់ប្ដូរមុខដំណែងមន្រ្ដីចំនួន៣រូបគឺ
១-លោក ចាន់បញ្ញាវ័ន្ត ជាប្រធានការិយាល័យនីតិកម្មកសិកម្ម
២-លោក តាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល
៣-លោក សំរិត គ្រុយ ជាអនុប្រធានការិយាល័យកសិ ឧស្សាហកម្ម។
ពិធីនេះនិងប្រកាសនៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា