អភិបាលខណ្ឌឫស្សីកែវគ្រប់ទឹកដោយសារបណ្តោយឲ្យមានការបើកបនល្បែងស៊ីសងខុសច្បាប់

 ភ្នំពេញ៖ ទីតាំងជល់មានស្ថិតនៅក្នុង ខណ្ឌឫស្សីកែវ បានបើកលេងយ៉ាងចំហរ មិនរំខានដល់សមត្ថកិច្ច និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកងធិការនគរបាលខណ្ឌឫស្សីកែវ ដែលជាហេតុធ្វើឲ្យមហាជន រិះគន់យ៉ាងចំៗថា ថ្នាក់ដឹកនាំគ្រាប់ល្ពៅទាំងនេះ ជាប់ត្រគៀក មិនអាចចេញមុខមកបង្រ្កាបបនល្បែងស៊ីសង  ដែលកំពុងតែលេងយ៉ាងសប្បាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។

ជាក់ស្តែងបនល្បែងស៊ីសង ដែលមានទាំងអាប៉ោង បៀរ និងជល់មាន់ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ រាជធានីភំ្នពេញ កាលពីថ្មី កន្លងទៅនេះ គឺត្រូវបានបង្រ្កាបរួចម្តងមកហើយ ដែលត្រូវបានបញ្ជារកម្លាំងដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ មកចុះបង្ក្រាបទីតាំងល្បែងជល់មាន់និងអាប៉ោង តែក្រោយពីបានបង្រ្កាបត្រឹមតែមួយដង្ហើមស្វា ស្រាប់តែសង្វៀនជល់មាន់ ទីតាំងដដែលបានបើកលេងសារជាថ្មី កក្រើកមេឃ  សូម្បីតែសមត្ថកិច្ចតូចតាច ក៏មិនហ៊ានបង្រ្កាបដែរ ចំនុចនេះទើបធ្វើឲ្យមានការដាក់ការសង្ស័យថា លោក ជា ពិសី បានសើមមាត់សើមករ និងបនល្បែងស៊ីសងនេះមិនខានឡើយ។

ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថា សកម្មភាព និងទង្វើអសមត្ថភាពរបស់លោក ជា ពិសី អភិបាលខណ្ធឬស្សីកែវ និងលោកអធិការខណ្ទ បានកំពុងតែអនុវត្តផ្ទុយពី បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យអាជ្ញាធរ សមត្ថកិច្ចទាំង៣ប្រភេទ និងប្រជាពលរដ្ឋ រួមទាំងបង្កើតក្រុមស្ម័គ្រចិត្តប្រជាការពារ ភូមិឃុំ នៅក្នុងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព តែលោកទាំង២ មិនបានគិតចំនុចទាំងនេះ បណ្តែតបណ្តោយឲ្យមានការ បើកបនល្បែងស៊ីសងដោយខុសច្បាប់ ។

 

ប្រភពព័ត៌មាន បានបញ្ជាក់ថា ប្រាបសារព័ត៌មាន ខេមរា ថា ម្ចាស់បនល្បែងស៊ីសង បានប្រកាសជាផ្លូវការ ដល់ក្រុមអ្នកញៀនល្បែងថា  កុំទៅភ័យ កុំទៅខ្លាច សូមលេងម៉ាសេរី ព្រោះគេមានកញ្ចប់បង់ជាខែជូនថ្នាក់លើរួចហើយ ក្នុងមួយខែៗរាប់ ពានើដុល្លា ទើបបានធ្វើឲ្យ ក្រុមអ្នកញៀនល្បែងសប្បាយស្រែកហោកញ្រៀវ មិនសំចៃមាត់ ក្នុងនោះម្ចាស់ សង្វៀនមាន់ជល់ មានឈ្មោះ និត និងកូរកន ឈ្មោះ ភាព និងបានបញ្ជាក់ថា ការដែលពួកគេលេងល្បែង ស៊ីសងខុសច្បាប់នេះ ដោយសារអ្នកមានលុយនៅចាំអន្តរាគមន៍ពីក្រោយខ្នង ។

 

ប្រជាពលរដ្ឋ បានសម្តែងនូវការព្រួយបារម្ភណ៍ ប្រាប់សារព័ត៌មាន ខេមរា ថា ខណៈពេលនេះដែលបនល្បែងស៊ីសង បានកើតឡើងជាច្រើន កន្លែង ជាហេតុបណ្តាលឲ្យមានជម្លោះ និងប្រើអំពើហឹង្សាក្នុងគ្រួសារ និងជាដើមកំណើតនូវពពួកចោរលួច ចោរប្លន់ កាប់សម្លាប់គ្នា និងបាត់បង់ដីធ្លី ព្រាតប្រាស់ប្រពន្ឋកូន ដោយសារតែល្បែងស៊ីសង និងសំណូមពរ ឲ្យលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយលុបបំបាត់ល្បែងស៊ីសងទាំងនេះផង ។

ដោយ ប៊ុន រដ្ឋា