ភ្នំពេញ ៖ ដោយមើលឃើញក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ពិសេសដងផ្លូវនានាត្រូវបានពង្រីក និងចាក់កៅស៊ូ បេតុង គ្រប់ច្រកល្ហក ជូនប្រជាពលរដ្ឋធ្វើដំណើរ ទៅមកបានស្រួល។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតំបន់ខ្លះៗ មិនទាន់បានពង្រីក ក៏ដូចជាចាក់បេតុងឱ្យបានល្អនៅឡើយដែរទេ
តួយ៉ាងពលរដ្ឋរស់នៅភូមិត្រពាំងថ្លឹងទី១ ដែលរស់នៅក្នុងស្ថានភាពផ្លូវលំបាក តូចចង្អៀតនេះ បាននាំគ្នាសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ អោយជួយពន្លឿន នៃការស្ថាបនាផ្លូវមួយខ្សែ ប្រវែង ៥៥៤ ម៉ែត្រ ដែលជាប់នឹងអាងទឹក ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ ដោយសារតែផ្លូវរួមតូច ដែលផ្លូវនេះពាក់ព័ន្ធនឹងផ្លូវជាប់អាងទឹក របស់រដ្ឋាករទឹក។
ក្រុមពលរដ្ឋបានបញ្ជាក់ថា កាលពីថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩ ពិធីចុះបើកការដ្ឋានជុសជុលផ្លូវនេះ លោកអភិបាលខណ្ឌ បានសន្យាថា នឹងពង្រីកផ្លូវនេះឱ្យមានទទឹង៥ម៉ែត្រ បណ្ដោយ៥៥០ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុង តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់បានទទួលដូចអ្វី ដែលលោកអភិបាលសន្យានោះទេ ឫមួយលោកអភិបាលភ្លេចហើយមើលទៅ។
ពលរដ្ឋបានលើកឡើងទៀតថា ពាក់ព័ន្ធបញ្ហាមួយទៀត ដែលពួកគាត់កំពុងតែព្រួយបារម្មណ៍ដែរនោះ គឺបង្គោលភ្លើងមួយដើម ដែលនៅជាប់នឹងផ្លូវ ព្រោះពិបាកក្នុងការធ្វើដំណើរ ជាពិសេសពេលបត់ចេញ និងចូលផ្ទះម្ដងៗ។ បញ្ហាបង្គោលភ្លើងនេះ បងប្អូនប្រជាពលរដ្ឋ បានសូមឱ្យលោកអភិបាល មេត្តាជួយអន្តាគមន៍ទៅខាង អគ្គិសនីកម្ពុជា (EDC) ដើម្បីជួយរំកិលបង្គោលភ្លើងខាងលើនេះផង ព្រោះវាជាក្ដីកង្វល់មួយ ប្រសិនមានអគ្គីភ័យ ឆាបឆេះជាយថាហេតុណាមួយនោះ រថយន្តពន្លត់អគ្គីភ័យ គឺមិនអាចចូលជួយអន្តរាគមន៍បាននោះទេ។
ក្រុមពលរដ្ឋបានបន្តថា ផ្លូវដែលជាប់នឹងរបងអាងទឹក បច្ចុប្បន្នមានទទឹងត្រឹមតែ២ម៉ែត្រ ដែលសូម្បីតែម៉ូតូក៏ពិបាកបើកជៀសគ្នាដែរ ចុះទម្រាំរថយន្តរឹតតែពិបាកទៅទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ពួកគាត់ក៏បានរាយការណ៍ ទៅខាងលោកចៅសង្កាត់ចោមចៅទី១ដែរ ដែលមានលោក កង វង ជាចៅសង្កាត់ ពីបញ្ហាទុក្ខលំបាករបស់បងប្អូន។ ហើយលោកចៅសង្កាត់ ក៏បានចុះមកពិនិត្យដែរ តែលោក កង វង បានសន្យាថាម្តងថ្ងៃនេះ ម្ដងថាថ្ងៃនោះ ដោះស្រាយឲ្យ តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់បានទទួលនូវអ្វី ដូចលោកចៅសង្កាត់ បានសន្យានោះឡើយ។
បើតាមលោកស្រី នូ សុភាព មេភូមិត្រពាំងថ្លឹងទី១ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងផលលំបាក និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើនេះ លោកស្រីក៏ធ្លាប់បានធ្វើរបាយការណ៍ ក៏ដូចជារាយការផ្ទាល់ទៅសង្កាត់ដែរ តែរហូតមកដល់ពេលនេះ មិនទាន់មានផលវិជ្ជមានណាមួយ ដើម្បីឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋវិញទេ។
ដូច្នេះប្រជាពលរដ្ឋក្នុងភូមិត្រពាំងថ្លឹងទី១ ដែលជាម្ចាស់សន្លឹកឆ្នោត ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់លើការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ មានតែលោកទាំងពីរទេ ដែលអាចមានដំណោះស្រាយជូនពួកគាត់បាននៅពេល ឆាប់ៗខាងមុខនេះ៕




































