អគ្គិភ័យឆាបឆេះរោងចក្រផលិតបារីដ៏ធំមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតបារីមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង ត្រឹមរយៈពេលមិនដល់១ម៉ោងផង។ករណីគ្រោះអគ្គិភ័យនេះ មានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ហើយឆេះរហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង ត្រឹមម៉ោង១៖៥០នាទីរំលងអធ្រាត្រថ្ងៃដដែល។ករណីឆេះរលំអគារនៃរោងចក្រផលិតបារីនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទេ៕