ព្រះវិហារ៖ កាលពីថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម បានចាត់ឱ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្វ្រីដេសចំនួន
១៩អណ្តូង ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ចំនួន៣៩៦គ្រួសារ ( ស្មើនឹង មនុស្ស ១.០៩៧ នាក់ ) រស់នៅភូមិចំនួន១៥ ក្នុងឃុំចំនួន៥ រួមមាន៖ ឃុំរៀបរយចំនួន ៣អណ្តូង, ឃុំរួសរាន់ចំនួន ៤អណ្តូង, ឃុំរីករាយចំនួន ៣អណ្តូង, ឃុំរស្មីចំនួន ៤អណ្តូង, និងឃុំរបៀបចំនួន ៥អណ្តូង នៃស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។
ជាមួយគ្នានោះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានឱ្យដឹងថា ខេត្តព្រះវិហារចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០នេះ ខេត្តព្រះវិហារបានទទួលអណ្តូងទឹកស្អាតសរុប ចំនួន ២៥៤ អណ្តូង ពីកាកបាទក្រហមកម្ពុជា។ ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន៨ក្រុង / ស្រុក រួមមានស្រុកជាំក្សាន្ត, ស្រុកឆែប, ស្រុកគូលែន, ស្រុកសង្គមថ្មី, ស្រុករវៀង, ស្រុកជ័យសែន, ស្រុកត្បែងមានជ័យ, និងក្រុងព្រះវិហារ មានចំនួន៤៩ឃុំ ដែលមានចំនួន ៤,៦១៩ គ្រួសារ ស្មើនឹង ១៦,១៦៦ នាក់ ។
លោកជំទាវបានបន្តថា៖ បច្ចុប្បន្ននេះខេត្តព្រះវិហារកំពុងប្រឈមការខ្វះខាត ទឹកស្អាត សម្រាប់ប្រើប្រាស់ ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតស្ទើគ្រប់ទីកន្លែង និងស្នើសុំដល់កាកបាទក្រហមកម្ពុជា មេត្តាផ្តល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋ រស់ក្នុងខេត្តព្រះវិហារបន្ថែមទៀត។ ជាមួយនេះដែរលោកជំទាវ ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារហារ បានឧត្ថមបន្ថែមដល់គ្រួសារចាស់ជរាឥត ទីពឹង ១ គ្រួសារ និងគ្រួសារកូនភ្លោះមាន៖ អង្ករ, មី , ត្រីខ , ទឹកស៊ីអ៊ីវ , ឃី ត ១ ( មុង ភួយ សារុង និង អាវយឺត ) ផងដែរ ៕សួនលីណា





































