សៀមរាប៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋជាច្រើននាក់ថា មានវង់អាប៉ោងធំៗ២កន្លែងនៅកណ្តាលក្រុងសៀមរាប កំពុងបើកដំណើរការយ៉ាងរលូន វង់អាប៉ោងទាំង២នេះត្រូវបានប្រភពឲ្យដឹងថា មានមេល្បែងឈ្មោះពៅ និង វ៉ាន់ ជាអ្នកឈរជើងបើក និងមានខ្លងអ្នកធំនៅខេត្តសៀមរាប ចាំជួយការពារ ទើបបានជាមិន
មានការរំខានដល់លោកទាំងពីរនេះ។វង់ល្បែងទាំង២ មានទីតាំងទីមួយនៅក្បែតារាងបាល់ទះ(ការ៉េ៨) ស្ថិតនៅក្នុងភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ចំណែកវង់អាប៉ោងមួយ កន្លែង ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធរឿងសង្វៀនបញ្ជាល់មាន់ និង អាប៉ោង មានចំនួនពីរកន្លែងខាងលើនេះ មហាជនរស់នៅក្នុងក្រុងសៀមរាប សូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តាចាត់វិធានការ បង្ការ ទប់ស្កាត់ និង បង្ក្រាបបនល្បែងសង្វៀនមាន់ជល់ និង អាប៉ោង របស់លោក ពៅ និង លោកវ៉ាន់ដែលលោកទាំងពីរនាក់នេះ ថ្លើមធំពាសមេឃ ហ៊ានផ្គើនទៅនិងប្រសាសន៍របស់សម្តេចក្រឡាហោម ភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច គឺហ៊ានផ្គើនចំនុចទី៥ គ្មានបនល្បែងស៊ីសងនៅតាមសង្កាត់មូលដ្ឋាន,ភូមិ,ឃុំ,ស្រុក,ខេត្ត,ក្រុង អោយខានតែបាន ដើម្បីរក្សាបាននូវសន្តិសុខ សង្គម មានសុវត្ថិភាព ស្ថេរភាព សន្តិភាព ជូនប្រជាពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបន្តថា៖ អោយពួកគាត់ទៅរំពឹងលើលោកផ្កាយពីរ ទិត្យ ណារ៉ុង ម្តេចបាន បើ បនល្បែងសង្វៀនជល់មាន់ និង អាប៉ោង ខាងលើ បើកលែងបានយ៉ាងអនាធិប្បតេយ្យ នៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប យ៉ាងនេះហើយ បែជាមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះ រូបណា ចុះអនុវត្ត បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាល់តែសោះ។
អធិការក្រុងសៀមរាប លោក ណុប សារ៉ាក បានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃ០១នេះថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ លោកបន្តថា លោកដាក់កម្លាំងស៊ើប ករណីលេងល្បេងស៊ីសងនេះ បើមានលោកនឹងចាត់វិធានការតាមច្បាប់៕





































