អភិបាលខេត្តកំពង់ចាម​ សំណូមពរ​ដល់​ពលរដ្ឋ​ ឲ្យ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ចូល​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ឈាន​ទៅ​ដល់​ ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដោយ​ត្រូវ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ និង​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ផង​ដែរ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវបេតុង១ខ្សែ​ប្រវែង​ ​៥.០០០ម៉ែត្រ​ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៣០ម៊ឺន​ដុល្លារ​​ និងសមិទ្ធផលនានា នៅវត្តទួលច័ន្ទ ស្ថិត​ក្នុង​ភូមិ​ស្វាយរក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២​ ខែមិនា​ ឆ្នាំ​២០២០​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​លើកឡើងថា វិស័យផ្លូវថ្នល់ គឺជាប៉ូលអាទិភាពមួយ ក្នុងចំណោមប៉ូលទាំង ៤ ដែលជាអាទមាន ៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ។ យ៉ាងណាម៉ិញ ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យផ្លូវថ្នល់ គឺជាវិស័យអាទិភាពមួយ ដែលនៅតែបន្តអនុវត្ត ដើម្បី ធ្វើការអភិវឌ្ឍនៅតាមមូលដ្ឋានជានិច្ច ។ ជាមួយនឹងកិច្ចអភិវឌ្ឍនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកទូទាយ ឲ្យមានការចូលរួមចំណែកពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍនានា ផងដែរ ។

ជាក់ស្ដែង សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺស្ថិតក្រោមការដឹកនាំកសាង ពីព្រះគ្រូចៅអធិការវត្ត ដែលបានចលនាបច្ច័យ ពីសំណាក់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់ទិសទី ហើយត្រូវបានចំណាយថវិកាសន្ធឹកសន្ធាប់ ប្រមាណ ជិត ៣០ម៉ឺនដុល្លារអាមេរិក ឯណោះ ។
ជា​មួយ​គ្នា​នោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បី ភាពសុខដុមរមនា ក្នុងសហគមន៍ ផងដែរ ។ ទន្ទឹមនឹងនោះ ពេលនេះ យើងទាំងអស់គ្នា បានទទួលបានផ្លូវល្អសម្រាប់ប្រើប្រាស់ហើយ ដូច្នេះ សូមណែនាំ ដល់កូនចៅ របស់ខ្លួន ចូលរួមគោរពច្បាប់ចរាចរណ៍ នៅរាល់ពេលធ្វើដំណើរ ត្រូវពាក់មួក និងខ្សែក្រវ៉ាត់សុវត្ថិភាព ជានិច្ច ។

ជាមួយនោះ ក៏សូមអប់រំកូនចៅ ឲ្យជៀសចាក់ឆ្ងាយ ពីគ្រឿងញៀនគ្រប់ប្រភេទ ។ ដោយឡែក បច្ចុប្បន្ននេះ អាកាសធាតុក្ដៅហួតហែង សូមឲ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាព និងប្រុងប្រយ័ត្នជានិច្ច អំពីបញ្ហាអគ្គិភ័យគ្រប់ប្រភេទ ដែលអាចបង្កគ្រោះឆេះផ្ទះ ផងដែរ ៕