បន្ទាយមានជ័យៈ ភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្លាប់តែចូលមកទស្សនា និងធ្វើតំណើរកំសាន្តនៅប្រទេសកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការថយចុះសម្រាប់៦ខែដើមឆ្នាំ២០១៤ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្ត ដែលបានធ្វើបទបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ និងទិសដៅអនុវត្តន៍បន្តឆមាសទី២ឆ្នាំ២០១៤ កាលពីថ្ងៃទី១៨ កក្កដា ២០១៤ នៅសាលប្រជំខេត្តបន្ទាយមានជ័យ ។
លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានអោយដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤នេះ ភ្ញៀវទេសចរណ៍បរទេសចូលមកទស្សនាប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន២៤៣៤៩៧នាក់មានការថយចុះជាងឆ្នាំមុនប្រមាណជា -១៨,៧៥% បើប្រៀបធៀបរយៈពេល៦ខែដើមឆ្នាំ២០១៣ មានចំនួន២៩៩៧០៧នាក់ និងមាន១២៨ សញ្ជាតិ ។ លោក អ៊ី ឡុង ប្រធានក្រុមពប្រឹក្សាខេត្តបន្ទាយមានជ័យក៏បានលើកឡើងពីតាំងទេសចរណ៍ដែលបាននៅក្នុងខេត្តបន្ទាយមានជ័យរួមមាន ល្អាងភ្នំតូច អាងទឹកត្រពាំងថ្ម ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព… និងជាពិសេសក្នុងក្រុងសិរីសោភ័ណមានភ្នំជាប់គ្នាចំនួន៤ ដែលអាចជាការទាក់ទាញភ្ញៀវទេសចរណ៍តែគួរអោយស្តាយវាត្រូវបានរងការខូចខាតពីសំណាក់ឈ្មួញធ្វើអាជីវកម្ម ។
ឯកឧត្តម ហោ សារុនរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ចំពោះចំណូលដែលបានមកពីវិស័យទេសចរណ៍ត្រូវបានចាត់បញ្ជូលទៅក្នុងគំរោងថវិការជាតិដើម្បីជួយដោះស្រាយបញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ លោកបន្តថាភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺត្រូវឆ្លងកាត់ប្រទេសថៃ ហើយក្នុងរយៈពេលកន្លងមកនេះ ប្រទេសថៃកំពុងមានភាពវឹកវរជួបនូវវិបត្តិនយោបាយ ដូចច្នេះវាក៏អាចជាមូលហេតុដែលបណ្តាលអោយមានភាពរាំងស្ទុះនូវលំហូរភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាផងដែរ ។ លោកបានធ្វើការជំរុញនិងធ្វើការដាស់តឿនដល់បណ្តាក្រុមហ៊ុនទេសចរណ៍ទាំងអស់គួរមានការច្នៃប្រឌិតយ៉ាងណាដើម្បីទាញក៏ដូចជាស្តាអោយមានភាពល្អប្រសើរឡើងវិញនូបញ្ហាតំហយចុះភ្ញៀវទេសចរណ៍ ៕



































