ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់ជនចាស់ជរា ដែលមានជីវភាពក្រលំបាក ០១ គ្រួសារ នៅភូមិ ជ័យមង្គល ឃុំ ជ្រាប់ ស្រុក សន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២០។
លោកតា កុយ ភឿក អាយុ ៦៧ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ដែលជាទុរគតជនចាស់ជរា រស់នៅគ្មានពឹង ក្នុងខ្ទម កំសត់ ក្នុងស្ថានភាពទីទាល់ក្រលំបាក គ្មានទីពឹង ត្រូវបាន លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្ត ចុះសួរសុខទុក្ខ និងសាកសួរអំពីសុខុមាលភាពរបស់លោកតា ភឿក ក្នុងការរស់នៅជាប្រចាំថ្ងៃ ដោយរដូវកាលនេះ ជារដូវប្រាំងអាកាសធាតុក្ដៅហួតហែង សូមឲ្យលោកតា ថែទាំ សុខភាពជាការសំខាន់ចាំបាច់បំផុត ដោយរស់នៅត្រូវមានអនាម័យជាប្រចាំ ពិសារម្ហូបអាហារចំអិនឲ្យបានឆ្អិនល្អចាំបរិភោគ សំរាកក្នុងមុង ទើបអាចជៀសផុត ពីជម្ងឺកាចសាហាវមួយចំនួនដែលអាចមកយាយីបំផ្លាញសុខភាពរបស់
លោកតា ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថា នាពេលឆាប់ៗនេះ និងដឹកនាំសប្បុរសជន និងអស់លោក លោកស្រី
ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ ជ្រាប់ ដើម្បីសាងសង់ គេហដ្ឋានចំនួន ០១ ខ្នង ទំហំ ០៤ ម៉ែត្រ × ០៥ ម៉ែត្រ ប្រគល់ជូនលោកតា ភឿក គ្រាន់ជាទីជំរកស្នាក់នៅបានសមរម្យ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានប្រគល់គ្រឿងឧបភោគបរិភោគដូចជា÷ អង្ករ មីកំប៉ុង ត្រីខកំប៉ុង ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងថវិកាមួយចំនួន ដល់លោកតា ភឿក សម្រាប់ដោះស្រាយក្នុងជីវភាព រស់នៅជា
ប្រចាំថ្ងៃ ។
លោកតា ភឿក មានក្ដីសោមនស្សរីករាយសប្បាយចិត្តក្រៃលែង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារមានថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខឧបត្ថម្ភសម្ភារ:គ្រឿងឧបភោគបរិភោគ និងសាងសង់គេហដ្ឋានជូនលោក ហើយលោកតា ថ្លែងអំណរគុណ និងជូនពរជ័យ ដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អស់លោកប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមប្រកប ជួបប្រទះតែ សិរីសួស្តី
សុខភាពល្អបរិបូរណ៍ កម្លាំង ខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ និង ប្រកបដោយ ពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ភ្លាមៗនោះ លោកឧត្តមសេនីយ៍ ស្នងការ បានចាត់
ចែង ឲ្យគ្រឿងចក្រឈូសឆាយ ចាក់ដី ដើម្បីរៀបចំសាងសង់គេហដ្ឋានជូនលោកតា កុយ ភឿក ៕
ដោយ ប៊ុន រដ្ឋា