សៀមរាប៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាបមានការរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំសៀមរាបសង្រ្កាន្ត ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ប្រាក់ សោភណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ស្នងការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង សមាជិកសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចូលរួមផងដែរ ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអនុសាសន៍ និង អនុញ្ញាតឲ្យអាជ្ញាធរខេត្តរៀបចំធ្វើសៀមរាបសង្រ្កាន្ត នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និង សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតីខ្មែរតែមួយអនាគតតែមួយ និង ដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន និង ឈានទៅបន្តថែរក្សាកេរ្តិ៍មរតកនេះឲ្យបានគង់វង្សទៅអនាគត ។ ម៉្យាងទៀតក៏ជាការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតំបន់រមីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ ។
សៀមរាប-សង្ក្រាន្ត ត្រូវបានរៀបចំឡើងដោយ អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចជាមួយសាខាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង បណ្តាអង្គភាពពាក់ព័ន្ធ និង ការចូលរួមពីវិស័យឯកជន សំខាន់នោះគឺកម្លាំងសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលក្នុងនោះក៏មានការចូលរួមដោយកងកម្លាំងស្ម័គ្រចិត្តប្រជាការពារភូមិផងដែរ ។
ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្តឆ្នាំ២០២០នេះ ត្រូវបានរៀបចំកណ្តាលបេះដូងនៃក្រុងសៀមរាប សម្រាប់ពេលរាត្រី នៅសួនច្បារព្រះរាជដំណាក់ និង នៅមុខអង្គរវត្ត ដោយមានកម្មវិធី ល្បែងប្រជាប្រិយជាច្រើន សម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត៕ ដោយ ប៊ុន វណ្ណៈកិត្តិស័ក្តិ