សៀមរាប៖ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមេដឹកនាំកាយរឹទិ្ធជាន់ខ្ពស់ជំនាន់ទី៣លើកទី២កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២០ ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា មានប្រសាសន៍ថា៖កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទី និងរួមចំណែកក្នុងកម្មវិធីអប់រំក្រៅប្រព័ន្
ធយ៉ាងសកម្ម ដែលបានគាំទ្រយ៉ាងខ្លាំងដល់ប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចលនាកាយរឹទិ្ធបានដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួម ក្នុងសកម្មភាពអ្នកស្ម័គ្រចិត្ត និងអនុវត្តគម្រោងតាមសហគមន៍នានា ដែលបានភ្ជាប់ការចូលរួមរបស់កុមារ-យុវជនជាមួយសហគមន៍។ កម្មវិធីកាយរឹទិ្ធកម្ម បានអភិវឌ្ឍធនធានកុមារ យុវជនឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត នឹងការគ្រប់គ្រងលើផ្លូវអារម្មណ៍ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅរបស់ពួកគេ។
ឯកឧត្តម អនុរដ្ឋលេខាធិការបញ្ជាក់ថា៖កត្តាទាំងអស់នេះ បានបង្កើតផលជះឥទ្ឋិពលយ៉ាងធំធេងដល់សង្គម និងធើ្វឱ្យរូបភាពចលនាកាយរឹទិ្ធពិភពលោក ក៏ដូចជាចលនាកាយរឹទិ្ធកម្ពុជាទទួលបានការគាំទ្រ និងការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេស អង្គការសហប្រជាជាតិបានទទួលស្គាល់ថា “ចលនាកាយរឹទ្ធិ” គឺជាចលនាអប់រំបំណិនជីវិត និងបណ្តុះស្មារតីស្ម័គ្រចិត្តក្នុងសហគមន៍យ៉ាងសកម្ម និងបានកំណត់យកសម្លេងកាយរឹទិ្ធ គឺជាធាតុចូលនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្ននេះ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធមានសមាជិកចំនួន១៧១ប្រទេស និងសមាជិកជាកុមារ-យុវជនចំនួន៥៤លានជុំវិញពិភពលោក។ ការអនុវត្តកម្មវិធី និងគម្រោងសកម្មភាពនៅក្នុងចលនាកាយរឹទិ្ធ ត្រូវចូលរួមគាំទ្រពីមនុស្សពេញវ័យ ដែលមានជំនាញកាយរឹទិ្ធកម្មពិប្រាកដ។
លោក គង់ សុវណ្ណារ៉ាប្រធាននាយកដ្ឋានសហប្រតិបត្តិការ កាយរិទ្ឋកម្ពុជា បានឱ្យដឹងថា៖ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវសរសេរនិក្ខេបបទ និង របាយការណ៏កម្មសិក្សារយៈ១២ខែ ដើម្បីបង្កើត និងគ្រប់គ្រងដំណើរការកងឯកភាពនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបាន “ប័ណ្ណសញ្ញាឈើពីរកំណាត់” Woodbead ដែលទទួលស្គាល់ជាគ្រូឧទ្ទេសកាយរឹទិ្ធស្របតាមគោលនយោបាយបណ្តុះបណ្តាលរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងកាយរឹទិ្ធជាតិកម្ពុជា។
នេះជាវគ្គទីពីរក្នុងប្រវត្តិចលនាកាយរឹទ្ធិជាតិកម្ពុជា ដែលមន្ត្រីជំនាញរបស់នាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ បានរៀបចំ ដោយប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងបច្ចេកទេសដោយខ្លួនឯង និងត្រូវបានទទួលស្គាល់លើវិញ្ញបនបត្របញ្ចប់វគ្គ ដោយអង្គការពិភពលោកនៃចលនាកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕





































