កំពង់ចាម: នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីធអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «មានសន្តិភាព មានការលេីកកម្ពស់សមភាពយេនឌ័រ» ក្រោមវត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ។
បន្ទាប់ពីការអាននូវព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បី រំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាពលើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ។ 
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បី ឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ ជាមួយនោះ គោលនយោបាយជាតិ ស្ដីពីសមធម៌យេឌ័រ នឹងក្លាយជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ ដែលជាផែនទីចង្អុលទិស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ
និងបញ្ជ្រាបយេនឌ័រ ទៅតាមទិសវិស័យ និងស្ថាប័ន ដែលមានគោលដៅធ្វើឲ្យស្ថាប័ននីយកម្មក្របខ័ណ្ឌផ្អែកលើលទ្ធផល ក្នុងការងារលើកកម្ពស់យេនឌ័រនៅកម្ពុជា ដោយមានចំណុចដៅជាក់លាក់ នៅតាមវិស័យនីមួយៗ ដេីម្បីបង្កើនធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទៅតាមវិស័យស្ថាបនរដ្ឋ ក៏ដូចជាវិស័យឯកជន ផ្សេងៗទៀត ៕








































