កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនៃគណៈអភិបាល ខេត្តកំពង់ចាម បានជម្រុញដល់មន្ត្រីសូរីយោដី ឲ្យបង្កើនល្បឿន ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ដើម្បីឈានទៅដល់សម្រេចផែនការដែលបានគ្រោងទុក ។ ការលើកឡើងយ៉ាងច្នេះក្នុងកិច្ចប្រជុំ ស្ដីពីការងារចុះបញ្ជីដីធ្លី ដែលរៀបចំដោយមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បី ចូលរួមដោះស្រាយ និងកាត់បន្ថយវិវាទដីធ្លី សម្រាប់ប្រជាពលរដ្ឋទូទៅ ។ ព្រោះនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលក្រសួងដែនដីកំពុងអនុវត្ត លើការងារវាស់វែងដីធ្លីនេះ បានគ្រោងបញ្ចប់នៅក្នុងផែនការត្រឹមឆ្នាំ២០២១ លើការចុះបញ្ជីដី ក្នុងរង្វង់ ៧លានក្បាលដី ។
ដោយឡែកសម្រាប់ក្របខ័ណ្ឌ ខេត្តកំពង់ចាម ក្នុងផែនការឆ្នាំ២០២០ នេះ ត្រូវបញ្ចប់ទិន្នន័យក្នុងរង្វង់ ៦ម៉ឺនក្បាលដី ។ ប៉ុន្តែ ការអនុវត្តរយៈពេល ២ខែ ដើមឆ្នាំ២០២០នេះ យើងមានការយឺតយាវ ដោយសម្រេចបានត្រឹមតែ ៥.១៤៩ក្បាលដី ស្មើនឹងជិត ១០% ប៉ុណ្ណោះ ។
ដូច្នេះ ស្នើឲ្យមន្ត្រីក្រុមវាលធ្វើការសម្រុក និងបង្កើនល្បឿនអនុវត្តកិច្ចការរបស់ខ្លួន ជាពិសេស ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងសម្រេចទៅតាមផែនការគ្រោងទុក ខណៈដែលបច្ចុប្បន្ន អាកាសធាតុ កំពុងអំណោយផលផងនោះ ។
បេីតាមរបាយការណ៍លទ្ធផល នៃការអនុវត្តវិស័យដីធ្លី របស់ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ យើងបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រេចបានចំនួន ៣៥.០៩០ក្បាលដី បិទផ្សាយជាសាធារណៈបានចំនួន ៦៦ភូមិ លើ ៧៥ភូមិ ស្មើនឹង ៦៣.៩៥៤ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបាន ចំនួន ៥៩.៨៣៧ក្បាលដី ។ លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ជូនអំពីបញ្ហាប្រឈម របស់មន្ទីរ ជាពិសេស ការលំបាកនានា របស់មន្ត្រីជំនាញបានជួបប្រទះ ទៅលើការអនុវត្តការងារដីធ្លីនេះ នាពេលកន្លងមក ផងដែរ ៕




































