​​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់​នៅ​អ៊ុយ​ក្រែ​ន​ស្លាប់​ជិត​៣០០​នាក់​ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​ល​

0

​អ៊ុយ​ក្រែ​នៈ បន្ទាប់ពី​បាត់ដាន​យន្តហោះ​ម៉ាឡេស៊ី​កាលពី​ខែមីនា ពេលនេះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​ធ្លា​ក់នៅ​ទឹកដី​អ៊ុយ​ក្រែ​ន ក្បែរ​ព្រំប្រទល់​ដែន​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​១៧ កក្កដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​២៩៨​នាក់ ដែល​មហន្តរាយ​បង្ក​សោកនាដកម្ម​នេះ​ត្រូវបាន​គេ​សង្ស័យថា​មកពី​ត្រូវ​គ្រាប់​មី​ស៊ី​ល​ដី​អាកាស ហើយ​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន​កំពុង​ចោទប្រកាន់​គ្នា​នៅឡើយ​។ malaysia1

នេះ​បើតាម​វេ​ប​សាយ​បរទេស ទាំង​ដេលី​មែ​ល ក៏ដូចជា​វេ​ប​សាយ​ចិន​ឆាយ​ណា​ដេលី​នា​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ នេះ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ទាំងពីរ​នេះ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines MH17 ដែល​ដឹក​អ្នកដំណើរ​២៨០​នាក់ និង​សមាជិក​ក្រុម​យានិក​១៥​នាក់ (​ដេលី​មែ​ល​ថា​២៩៨​នាក់ ក្នុងនោះ​មាន​ក្មេង​១០០​នាក់​) បាន​ធ្លា​ក់នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្បែរ​ព្រំដែន​រុស្ស៊ី ។​

malaysia1a​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ហូ​ឡង់​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការធ្លាក់​យន្តហោះ (Flight MH17, a Boeing 777-200 aircraft on its way from Amsterdam to Kuala Lumpur) រួមមាន ជនជាតិ​ហូ​ឡង់​ចំនួន​154 នាក់ ម៉ាឡេស៊ី 45 នាក់ រួមទាំង​អាកាសយានិក​15 នាក់​ផង អូស្ត្រាលី 27 នាក់ ឥណ្ឌូនេស៊ី 12 នាក់ អង់គ្លេស ៩​នាក់ អាល្លឺម៉ង់​៤​នាក់ បែលហ្ស៊ិក​៤​នាក់ ហ្វីលីពីន​៤​នាក់ កាណាដា​១​នាក់ ឯ 41 មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ប្រភព​ខ្លះ​មាន រ៉​យ​ទ័​រ​ជាដើម​ផ្សាយ​ថា មាន​ជនជាតិ​អាមេរិក​២៣​នាក់ ក្នុងចំណោម​អ្នកស្លាប់​ដែរ​។​ ​malaysia1b

លោក​ប្រធានាធិបតី អ៊ុយ​ក្រែ​ន​ភេ​ត្រូ ប៉ូ​រ៉ូ​ស្ហេ​ន​កូ (President Petro Poroshenko) បាន​ចោទប្រកាន់​លើ​ក្រុម​ឧទ្ទាម​ជា​អ្នក​បង្កឡើង និង​បាន​អំពាវនាវ​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត ជា​អន្តរជាតិ​មួយ​សម្រាប់​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នេះ​។​ ​ប្រភពពី​អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​ឲ្យ​ដឹងថា បន្ទាប់ពី​យន្តហោះ​ធ្លាក់ គេ​ឮ​ការសន្ទនា​គ្នា​រវាង មេបញ្ជាការ​កងកម្លាំង​ឧទ្ទាម​គាំទ្រ​រុស្ស៊ី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ដូ​ណេ​ត​ស្ក៍ Donetsk People's Republic និយាយ​តាម​ទូរស័ព្ទ​ថា ពួកគេ​បាន​បាញ់​យន្តហោះ​មួយ​កាលពី​៣០​នាទី​មុន​។ ​malaysia1c

សូមបញ្ជាក់ថា យន្តហោះ​ធុន​ប៊ូ​អ៊ីង​៧៧៧​នោះ របស់​ក្រុម​ហ៊ុ​អាកាសចរណ៍​ម៉ាឡេស៊ី បាន​ហោះ​ចេញពី​ទីក្រុង​អាំ​ស្ទែរ​ដាម ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ បាន​បន្ទាបខ្លួន​នៅ​កន្លែង​មួយ​ចម្ងាយ​៥០​គីឡូម៉ែត្រ ពី​ព្រំ​ដែនអាកាស​រុស្ស៊ី ហើយ​ធ្លាក់​នៅលើ​ដែនដី​អ៊ុយ​ក្រែ​ន ។ ​ដោយ​ដកស្រង់​ប្រភពព័ត៌មាន​របស់​អាជ្ញាធ​រ​អ៊ុយ​ក្រែ​ន បាន​រាយការណ៍​ថា យន្តហោះ Flight MH17, a Boeing 777-200 នោះបាន​បាត់ដាន​ពី​រ៉ា​ដា​ពេល​ហោះហើរ​ក្នុង​កម្ពស់ ១០​គីឡូម៉ែត្រ ហើយ​ធ្លា​ក់នៅ​ជិត​ទីក្រុង Chakhtarsk តំបន់​ដូ​ណេ​ត​ស្ក៍ ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រុម​ជួយសង្គ្រោះ បាន​ប្រញាប់​ទៅកាន់​កន្លែង​យន្តហោះ​ធ្លាក់​ផងដែរ ។​ malaysia1d

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន លោក Anton Hersshchenko អះអាងថា អ្នកដំណើរ​ទាំង​២៨៣​នាក់ និង​សមាជិក​ក្រុម​យានិក​ទាំង​១៥​នាក់ ត្រូវស្លាប់​ទាំងអស់ ។ របាយការណ៍​គូសបញ្ជាក់​ម្យ៉ាង​ទៀតថា យន្តហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​ពួក​ជីវពល​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​តែ​ត្រូវបាន​បដិសេធ​ភ្លាមៗ​ដោយ​ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ស្វ័យ​ប្រកាស​ដូ​ណេ​ត​ស្ក៍​។​ ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ក្រុម​បះបោរ​ជា អ្នកបាញ់​ទម្លាក់​យន្តហោះ​ខាងលើ ។ ចំណែក​មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន​ចោទប្រកាន់​ទៅលើ​ទាហាន​រដ្ឋាភិបាល​អ៊ុយ ក្រែ​ន​វិញ​ជា​អ្នកបាញ់​ទម្លាក់​។ មេដឹកនាំ​ក្រុមប្រឆាំង​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់ថា ក្រុម​របស់ខ្លួន​គ្មាន​កាំ​ជ្រូច​មី​ស៊ី​ល​ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ ដែល​កំពុង​ហោះហើរ​ក្នុង​កម្ពស់​ដល់​ទៅ​១​ម៉ឺន​ម៉ែត្រ​នោះឡើយ​។​ប៉ុន្តែ​ទាហាន​បះបោរ​នៅ​ភាគខាងត្បូង​ធ្លាប់បាន​បង្ហាញ​កាំ​ជ្រូច​មី​ស៊ី​ល​ប្រភេទ Buk ដែលមាន​សមត្ថភាព​អាច​ចាញ់​ទម្លាក់​ខាងលើ​បាន​។ កាំ​ជ្រូច​មី​ស៊ី​ល នេះ​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី ។​ ​

ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. បាន​កោះប្រជុំ​ជាបន្ទាន់​មួយ​ស្តីពី​យន្តហោះ​ម៉ាឡេស៊ី​ដែល​ជួប គ្រោះថ្នាក់​នៅលើ​ដែនអាកាស​អ៊ុយ​ក្រែ​ន​សម្លាប់​មនុស្ស​ជិត​៣០០​នាក់ ។ ក្នុងពេល​ជាមួយគ្នានេះ​ដែល​អនុ​ប្រធានាធិបតី​អាមេរិក ចូ​ប៉ៃ​ឌិន បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពី​គ្រោះថ្នាក់​ខាងលើ​ដោយ​សន្យាថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ជួយ​ជ្រោមជ្រែង​ស្រាវជ្រាវ​ស្វែងរក មូលហេតុ​ពិត​ពី​សោកនាដកម្ម​នោះ ។​ ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្វ្លា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ និង​ថ្លែងថា​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​គ្មាន​សន្តិភាព និង​សុវត្ថិភាព​ទេ ខណៈ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​ដល់​ទង្វើ​អ្នកបាញ់​យន្តហោះ​ស៊ីវិល​បែបនេះ​។​

​នេះ​ជា​ករណី​គ្រោះថ្នាក់​ធ្លាក់ យន្តហោះ​លើក​ទី​២​ហើយ​របស់​ម៉ាឡេស៊ី​ដោយ​កាលពី​លើក​ទី​១MH370 ដែល​ដឹក​មនុស្ស​រាប់រយ​នាក​ដែរនោះ​នៅ​មិនទាន់​រក ឃើញ​នៅឡើយ ។ ហេតុការណ៍​ខាងលើ​ត្រូវបាន​គេ​សន្និដ្ឋានថា បណ្តាលមកពី​អាកាសយានិក​ធ្វេសប្រហែស​មិន​ស្តាប់​តាម​ការបញ្ជា​ណែនាំ​ពី ទីបញ្ជាការ​ហោះហើរ ខណៈ អ្នកស្រាវជ្រាវ​អូស្ត្រាលី ក៏បាន​និយាយថា យន្តហោះ​ម៉ាឡេស៊ី​មិនគួរ​ហោះ​កាត់​តី​នោះទេ ស្រប​ពេលដែល​ជើងហោះហើរ​ជាច្រើន​បាន​បង្វែរ​ទិសដៅ​របស់ខ្លួន ៕