ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាល​ខេត្តកំពង់ចាម​

0

​កំពង់ចាម​: ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ចាម​ នា​ឱកាស​ប្រារព្ធ​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលពី​រសៀល​ថ្ងៃ​៥​ ខែមីនា ឆ្នាំ ២០២០នេះ លោក​បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ជាន់ថ្នាក់​ ក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលឈរលើមូលដ្ឋានខេត្តកំពង់ចាម​ ដែលបានខិតខំអនុវត្តគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍន៍ខេត្ត​ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង​ នៅគ្រប់ភូមិ​ ឃុំ​ សង្កា​ក់ទាំងអស់ក្នុងខេត្ត​ បានរួមគ្នាធ្វេីការតម្លៃអំពីសមិទ្ធិផលនានា​ ដែលរដ្ឋបាលខេត្ត​ និងក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម​ សម្រេចបានក្នុងឆ្នាំ២០១៩​កន្លងទៅ​​នេះ បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ ដេីម្បី​លេីក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ដែល​ជា​ឆ្នាំ​ទី២ នៃការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ បានលើកឡើងដែរថា នៅមូលដ្ឋានខេត្តកំពង់ចាម យើងបានខិតខំរួមគ្នាដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរគួរជាទីមោទនៈ ក្នុងនោះបានទទួលខុសត្រូវខ្ពស់​ ក្នុងការសំរេចបានសមិទ្ធិផលលើគ្រប់វិស័យ​ នៃការចូលរួមថែរក្សាសន្តិភាពកម្រិតនយោបាយការពារជាតិ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស​ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ សំដៅលើកកម្ពស់កម្រិតជីវភាព​ និងកសរកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ជំរុញ​ឲ្យមាន​ការ​ចូលរួមសហការ​ ការពារថែរក្សាសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ សណ្ដាប់ធ្នាប់សង្គមជូនសង្គមជាតិ​ និង​ប្រជាពលរដ្ឋ​ ឲ្យ​បានល្អប្រសើរ​ ក្នុង​ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល​ ដោយ​បានអនុវត្តនយោបាយសំខាន់ៗប្រកបដោយនិរន្តភាពការងារនៃការអនុវត្តតួនាទីភារកិច្ចសម្រាប់ដឹកនាំ នៅថ្នាក់ក្រោមជាតិប្រកបដោយចីរភាពតាមវិស័យការងារដូចជាការងារអត្រានុកូលដ្ឋាន ការងារធ្វើអត្តសញ្ញាណកម្មគំរូថ្មី ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុវត្តន៍​គោលនយោបាយ​ការងារភូមិឃុំមានសុវត្ថិភាព​ ផងដែរ​ ៕