អភិបាលរងខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាកត្តាសុខសន្តិភាព មានសុខសន្តិភាព ទើបមានការអភិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

0

អភិបាលរងខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាកត្តាសុខខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាកត្តាសុខសន្តិភាព មានសុខសន្តិភាព ទើបមានការអភិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វិស័យសន្តិសុខ និងវិស័យព្រះពុទ្ធសាសនាផងដែរ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឱ្យដឹងបន្តថា សមិទ្ធផលដែលកើតឡើងនាពេលនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់វត្តសែនមនោរម្យ និងជាកន្លែងសម្រាប់ការគង់នៅរបស់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គក្នុងការប្រតិបត្តិបម្រើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
បន្ទាប់មកលោកស្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណ ព្រះមេគុណ ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងក៏ដូចជាគណៈកម្មាធិការវត្ត ដែលបានខិតខំកសាងសមិទ្ធផលនេះ ហើយក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បានចូលរួមចំណែកកសាងនូវសមិទ្ធផល ក្នុងទីវត្តអារាមនេះផងដែរ។
លោកស្រីបន្ថែមថា ថ្វីត្បិតតែសមិទ្ធផលនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ តែត្រូវបន្តខិតខំតទៅទៀត ដើម្បីកសាងនូវសមិទ្ធផលនានាថ្មីៗ ព្រោះជាតម្រូវការរបស់ប្រជាជន ដែលមានជំនឿទៅលើព្រះពុទ្ធសាសនា ហើយចំណុចទាំងអស់នេះ ប្រជាពលរដ្ឋត្រូវស្រុះស្រួលគ្នា លើបញ្ហានៃការកសាងទីវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត។ ហើយប្រជាពលរដ្ឋ តាមរយៈការទូន្មានប្រៀនប្រដៅនៃសាសនា និយាយជារួម និយាយដោយឡែក នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ ក៏បានតម្រង់ផ្លូវឱ្យប្រជាពលរដ្ឋអនុវត្តត្រឹមត្រូវតាមច្បាប់របស់រដ្ឋ ហើយគ្មានសាសនាណា ដែលប្រដៅមនុស្សឱ្យទៅប្រព្រឹត្តអំពើអាក្រក់នោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ បានប្រៀនប្រដៅឱ្យមនុស្សធ្វើអំពើល្អ ដែលជាអំពើកុសល ហើយអំពើកុសលនេះ តែងតែនិយាយថា គឺសម្រាប់ទៅអនាគតជាតិ។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ថា ការកសាងមហាកុដិថ្មី នៅវត្តសែនមនោរម្យនេះ ចាប់ផ្តើមកសាងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដែលមានទំហំ ១៣.៥ម៉ែត្រ គុណ ១៧.៥ម៉ែត្រ កំពស់ ២ជាន់ ប្រក់ក្បឿងស្រកាលិញ ដំបូលបំពាក់ដោយរចនាបទខ្មែរ ដែលចំណាយថវិកាចំនួន ១៣១.៩០០ដុល្លា (១៣ម៉ឺន១ពាន់ប្រាំបួនរយដុល្លា) ហើយថវិកាទាំងនេះ គឺបានមកពីការចូលរួមពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ តាមរយៈពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន បុណ្យចូលឆ្នាំ និងពិធីបុណ្យផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសែនមនោរម្យនាពេលនេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានប្រគេនបច្ច័យចំនួន ២លានរៀល ជូនដល់ព្រះចៅអធិការវត្ត ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ ក៏បានរាប់បាតព្រះសង្ឃចំនួន១៣០អង្គ៕ដោយពលៈ