កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ សារព័ត៌មានបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “បទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក សមត្ថកិច្ចមិនចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា”។ ខ្លឹមសារនៃអត្ថបទនេះគឺជាព័ត៌មានដែលប្រមូលបានពី
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ជាប់តំបន់បឹងទន្លេសាប ព្រមទាំងបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រៃវែងជាដើម។ ក្រោយពេលដែលសារព័ត៌មានមនសិការខ្មែរ ចុះផ្សាយអត្ថបទនេះរួចមក លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលបានធ្វើលិខិតបំភ្លឺមួយចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយបានបញ្ជាក់ពីស្នាដៃរបស់មន្ត្រីជលផល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលបានបង្ក្រាបបទល្មើសនេសាទដោយយកចិត្តទុកដាក់។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ សារព័ត៌មានមនសិការខ្មែរសូមបញ្ជាក់ថា ខ្លឹមសារអត្ថបទដែលបានចុះផ្សាយគឺជាប្រភពព័ត៌មានចេញមកពីប្រជាពលរដ្ឋដែលបានឃើញការពិតទាក់ទងទៅនឹងបទល្មើសនេសាទក្នុងតំបន់ដែលពួកគាត់កំពុងរស់នៅបច្ចុប្បន្ន។ មិនមែនមានតែសារព័ត៌ មានមនសិការខ្មែរទេ ដែលចុះផ្សាយជុំវិញបទល្មើសនេសាទកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កណ្តាល និងព្រៃវែងជាដើម គឺសារព័ត៌មាននានា ព្រមទាំងវិទ្យុបរទេសផងដែរ បានផ្សព្វផ្សាយជាបន្តបន្ទាប់។
ប្រសិនបើលោកប្រធានរដ្ឋបាលជលផលចង់ដឹងការពិតកាន់តែច្បាស់ជុំវិញបញ្ហានេះ គួរតែពិនិត្យមើលទៅលើការផ្សព្វផ្សាយរបស់វិទ្យុបរទេសផ្សា យជាភាសាខ្មែរនិងសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ ព្រោះបច្ចុប្បន្នបទល្មើសនេសាទពុំមានការថយចុះនោះទេ។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្រុកឯកភ្នំ ខេត្តបាត់ដំបងជាដើម បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនអាចចូលទៅនេសាទជាលក្ខណៈគ្រួសារក្នុងអតីតដែនឡូត៍ដែលរដ្ឋាភិបាលបានដកហូតពីម្ចាស់ឡូត៍នេសាទនោះឡើយ។
ក្នុងលិខិតបំភ្លឺរបស់លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលលេខ ២១៦ ជផ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ពីស្នាដៃរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ ជាក់ស្តែងពាក់ព័ន្ធនឹងតំបន់កំពង់ហ្លួង ស្រុកក្រគរ លោកណៅ ធួក បានបញ្ជាក់ថា “ចំពោះតំបន់កំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រជានេសាទមានសិទ្ធិធ្វើនេសាទដោយសេរី ដោយប្រើប្រាស់ឧបករណ៍នេសាទជាលក្ខ ណៈគ្រួសារដូចមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
ក្នុងករណីធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទផ្ទុយនឹងការកំណត់ក្នុងប្រកាសនេះ អ្នកប្រព្រឹត្តត្រូវចាត់ទុកថា ជនល្មើសហើយត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីជលផល។ ជាក់ស្តែងក្នុងឆ្នាំ២០១៣ កន្លងមកលទ្ធផលបង្ក្រាបបទល្មើសជលផលមានចំនួន៣៨២៦ករណី ប្រៀបធៀបឆ្នាំមុនថយចុះ១៤៨១ករណី ក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការចំនួន៩៦ករណី បញ្ជូនជនសង្ស័យចំនួន១៤១នាក់ ជាប់ពន្ធនាគារ៥៤នាក់ និងរឹបអូសនិងបានបំផ្លាញចោលវត្ថុតាងបទល្មើសជលផលជាអាទិ៍ របាំងស្បៃមុង និងសាច់អួន ១០០០០០០ម៉ែត្រ អួនហ៊ុមចំនួន១១៩វង់ មងពាក់ប្រវែង៣៤៧០០០ម៉ែត្រ របាំងព្រួលប្រវែង៩៣០០ម៉ែត្រ ឧបករណ៍ឆក់ត្រី១២៤៤គ្រឿងនិងឧបករណ៍សម្ភារៈមួយចំនួនទៀត ព្រមទាំងលែងកូនត្រីចម្រុះចំនួន៤០០ ០០០ក្បាលនិង៩២ ៦២៤គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ”។
លិខិតបំភ្លឺរបស់លោក ណៅធួក ក៏បានបង្ហាញផងដែរអំពីករណី សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់សហការជាមួយកម្លាំងប្រដាប់អាវុធ បង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រែកទាល់ និងបាក់ព្រា ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាក់ស្តែងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ កន្លងមកថ្នាក់ដឹកនាំរដ្ឋបាលជលផលបានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់នោះ ដោយបង្ក្រាបនិងរឹបអូសវត្ថុតាងបទល្មើសយ៉ាងច្រើន។ ទាក់ទងនឹងតំបន់កំពង់ឃ្លាំង កំពង់ភ្លុក និងតំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប ក៏នៅក្នុងលិខិតបំភ្លឺរបស់លោក ណៅ ធួក បានបញ្ជាក់អំពីសិទ្ធិនេសាទរបស់ប្រជាពលរដ្ឋនិងការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពផងដែរ។
ចំណែកនៅក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ក៏លោក ណៅ ធួក បានបញ្ជាក់អំពីស្នាដៃរបស់សមត្ថកិច្ចនិងមន្ត្រីជលផលនៅក្នុងការបង្ក្រាបបទល្មើសស្របទៅតាមស្ថានភាពជាក់ស្តែង។ បើតាមលិខិតបំភ្លឺរបស់លោក ណៅ ធួក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ សឹងថាពុំមានបទល្មើសកើតឡើងនៅតំបន់បឹងទន្លេសាបជាពិសេសនៅក្នុងអតីតដែនឡូត៍ធំៗ ដែលរដ្ឋាភិបាលបានដកហូតពីដង្ខៅឡូត៍ទុកឱ្យប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ និងអភិរក្សពូជត្រីនោះឡើយ។
ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង និងស្រុកជលគិរី ព្រមទាំងតំបន់ផ្សេងៗទៀតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាបជាដើម បានបញ្ជាក់ថាពួកគាត់មិនអាចចូលទៅនេសាទជាលក្ខណៈគ្រួសារនៅអតីតដែនឡូត៍ទាំងនោះទេ ហើយអ្វីដែលមនសិការខ្មែរបានចុះផ្សាយគឺផ្អែកតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង៕