សៀមរាប ៖ ជនសង្ស័យភេទប្រុសទាំង២នាក់នេះ និងវត្ថុតាងឩបករណ៍ច្នៃជក់គ្រឿងញៀនមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចធ្វើការដកហូតបានពីជនសង្ស័យទាំង២នាក់នេះ រួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួនាំ បន្តក្នុងករណីសម្រួលនិងចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
លោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស និងលោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថាដោយអនុវត្តជាប្រចាំតាមបញ្ជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងកាលពីវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប បានចុះប្រតិបត្តិការតាមដានស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន នៅក្នុងហាងភីហ្សាមួយក្នុងក្រុងសៀមរាបស្ថិតនៅក្នុង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រមទាំងវត្ថុតាងទាំងអស់នេះ យកមកកាន់ការិយាល័យជំនាញតែម្តង។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាបន្ទាប់ពី សមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ព្រមទាំងវត្ថុតាងទាំងអស់បានហើយនោះ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែន បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចំណាត់ការទៅតាមនិតិវិធីបន្តកាលពីព្រឹកថ្ងៃទី១៩ខែកក្តដាឆ្នាំ២០១៤ ៕ រូបភាព និង អត្ថបទ លោក ព្រិន្ទបាលទោ ខេង ខេមរា