អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានាក្រុងនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ៨ គ្រួសារដែលរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ

0

សៀមរាប: ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបព្រមទាំង អញ្ជើញចុះមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប រួមជាមួយប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ឋមួយចំនួន អភិបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅវត្តពោធិបន្ទាយជ័យ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៨ គ្រួសារដែលរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
លោក នួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានអោយថា ប្រជាជាពលរដ្ឋចំនួន៨ គ្រួសារដែលរស់នៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ សុខចិត្តចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន នឹង អាជ្ញាធរក្រុងសៀមរាបព្រមរុះរើផ្ទះសង់លើចំណីផ្លូវសាធារណៈ ចេញ និង ព្រមទទួលយកសំណងការដោះតាមគោលនយោបាយរបស់អាជ្ញាធរខេត្តនិងក្រុង។ អភិបាលក្រុងបន្តថា ដីចំណីផ្លូវក្បែររបងវត្តពោធិបន្ទាយជ័យ ស្ថិតនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងនិងខេត្តសៀមរាប ត្រូវបានអាជ្ញាធរសង្កាត់ និង រដ្ឋបាលក្រុងសៀមរាប ក្រោយពីបានជជែក ពិភាក្សា ជាច្រើនលើកន្លងមក រវាងប្រជាពលរដ្ឋទាំង៨គ្រួសារ រវាងអាជ្ញាធរសង្កាត់និងរដ្ឋបាលក្រុងសៀមរាប ប្រជាពលរដ្ឋក៍បានឯកភាពទទួលយកតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកផ្លូវ ពីព្រោះលំនៅឋានដែលពួកគាត់រស់នៅត្រូវប៉ះចំផ្លូវចុះពីស្ពានថ្មថ្មី ដែលស្ពាននេះ គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅអំឡុងខែឧសភាខាងមុខនេះ ។
ឯកឧត្តមទៀសីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណរបស់បងប្អូនប្រជាពលរដ្ឋទាំង៨គ្រួសារដែលបានសហការនិងយោគយល់ របស់រដ្ឋបាលក្រុង ក៍ដូចជារដ្ឋបាលខេត្តសៀមរាបក្នុងគោលបំណងបើកពង្រីកផ្លូវមួយចំនួនដែលរួមតូចចង្អៀត និងជួសជុលស្តារនូវហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតក្នុងក្រុង ដើម្បីកែលំអសោភ័ណ្ឌភាពក្រុងអោយសាកសមជាទីក្រុងទេសចរណ៍ប្រវត្កិសាស្ត្ររបស់យើងទាំងអស់គ្នា។សក្តិសមជាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
ឯកឧត្តម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារជនទាំងអស់ សូមមេត្តាធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ជៀសវាងនូវពត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាននឹងកំពុងធ្វើឲ្យមានភាពចលាចល នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល។ឯកឧត្តម បញ្ជាក់ថា៖ចាប់ពីពេលដែលជនជាតិជប៉ុន បានត្រឡប់ទៅប្រទេសដើមរបស់ខ្លួន មានភាពវិជ្ជមាន នៃ វីរុស Covid-19 តាំងពីថ្ងៃទី០៤ មីនា នៅប្រទេសជប៉ុនមក យើងកត់សំគាល់ឃើញថាប្រជាពលរដ្ឋក្នុងខេត្ត និង ក្រៅខេត្តមានការព្រួយបារម្ភ តែអ្វីដែលខ្ញុំកត់សំគាល់លើសពីនេះគឺ ព័ត៌មានតាម FB(គណនីមួយចំនួន)បានយក ករណីនេះ ផ្សព្វផ្សាយ ការបំផុសព័ត៌មាន មិនពិត បំពុល ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងកាន់តែភ័យខ្លាចពីជំងឺនេះ ៕