អាជ្ញាធររាជធានីភ្នំពេញ ទទួលម៉ាស់ ពីក្រុមហ៊ុនផលិតម៉ាស់ ក្នុងស្រុក ដើម្បីយកទៅចែកចាយបន្តជូនជូនប្រជាពលរដ្ឋ!

0

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ៩ខែ មីនា ឆ្នាំ២០២០នេះ បានទទួលម៉ាសចំនួន១០ម៉ឺន ពីក្រុមហ៊ុនផលិតម៉ាស់ ក្នុងស្រុកមួយ ដើម្បីយកទៅចែកចាយបន្តជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ការពារមេរោគឆ្លង នៅតំបន់ដែលសង្ស័យថា មានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម។

នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្តែងនូវអំណរគុណ ចំពោះលោក លឹម ឃាង ប្រធានក្រុមកសិកម្ម តឹងយ៉ុង ដែលបានផ្ដល់ម៉ាស់ទាំងនោះមករដ្ឋបាលរាជធានីភ្នំពេញ ។ ម៉ាសទាំងនេះ ត្រូវបានរក្សាទុកសិន ត្រៀមសម្រាប់យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋការពារខ្លួនពីជំងឺឆ្លងផ្សេងៗ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ម៉ាស់នេះ អាចជួយទៅដល់តំបន់ណា ដែលមានការសង្ស័យមានជំងឺឆ្លង covid 19 ដូចនៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។

ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា តទៅនេះរដ្ឋបាលរាជធានីភ្នំពេញ និងមានវិធានការ ចំពោះអ្នកណាដែលផ្សាយព័ត៌មានមិនពិត តាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឱ្យមានចលាចល នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្ន និងងការពារទប់ស្កាត់ការពារជំងឺឆ្លងផ្សេងៗ ពិសេស កូវីដ ១៩ សូមឱ្យមានជំនឿចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើង៕