ខេត្តកំពង់ធំ៖ កាលពីថ្មីៗនេះ លោកអ្នកបានដឹងស្រាប់ហើយ ករណីល្បីកក្រើកក្នុងខេត្តកំពង់ធំ ករណីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ បានចុះទៅពិនិត្យទីតាំងគំនរឈើក្នុងដីឡូត៍ មួយកន្លែង ស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២០កន្លង មកនេះ ដែលម្ចាស់ឈើបានអះអាងប្រាប់សមត្ថកិច្ចថា ឈើនេះបានទិញយកមកសម្រាប់ធ្វើផ្ទះ ។
លោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះមកពិនិត្យទីតាំង គំនរឈើនេះ គឺពុំទាន់បានធ្វើការដកហូត និងធ្វើលិខិតប្រគល់ទទួលនោះឡើយ គឺកំពុងតែដំណើរការស្រាវជ្រាវ ថាតើការ ដឹកឈើយកមកទុកជិត១០ម៉ែត្រគូបនេះ យកមកសម្រាប់ធ្វើផ្ទះដូចចែលីនម្ចាស់ឈើអះអាងដែរឬទេ តែបើសិនរកឃើញថា មានការដឹកឈើសម្រាប់ធ្វើអជីវកម្ម និងរៀបចំតាមនិតិវិធី។
យោងតាមការបកស្រាយរបស់ ចែលីន ដែលជាម្ចាស់ឈើ បានអះអាងថា ចំនួនឈើជិត១០ម៉ែត្រគូបនេះ ក្នុងនោះគឺកូនធម៌ បានខំសន្សំលុយទិញឈើទុកមក ជាយូរមកហើយ តែដល់មានការ ខ្វះខាតក៏មិនបានសាងសង់ផ្ទះនោះឡើយ តែដោយមើលឃើញការលំបាកខ្វះខាត ក៏ជូយទិញឈើបន្តិចបន្តួច សម្រាប់ការ ជួយ ដល់កូនធម៌គាត់ម្នាក់ ឈ្មោះ សាន វាសនា ភេទប្រុស ដែលបានប្រើជីវិតស្ទើរតែមួយជីវិត មករស់នៅជាមួយជាង១០ឆ្នាំមកហើយ និងដល់ពេលកូនធម៌មានគូរស្រករ រៀបការដើម្បីកសាងអនាគត់ រស់នៅជាមួយភរិយា និងមានដីធ្លីមួយកន្លែង ដើម្បីសាងជម្រកស្នាក់នៅ កសាងសុភមង្គល់គ្រួសារ ស្ថិតនៅស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ នេះ ហើយក្នុងនាមជា ម្តាយធម៌ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណ ប្អូន សាន វាសនា ដែលចាត់ទុកដូចជាកូន ដែលខំបម្រើជាង១០ឆ្នាំមកនេះ ក៏បានជួយទិញឈើជិត១០ម៉ែត្រគូប ដាក់លើដីដែលបំម្រុងសាងសង់ផ្ទះ ជូនកូនធម៌តែប៉ុណ្ណោះ ហើយក៏ពុំមានការជួញដូរឈើទាំងនេះដែរ ហើយក៏សង្ស័យមានការភាន់ច្រឡំ ។

ចែលីន បានបន្តថា ចំណែកលោក ទេព សោភ័ណ្ទ អភិបាលរងសន្ទុក ដែលត្រូវជាស្វាម៉ី បានខិតខំយកចិត្តទុកដាក់បំពេញតួនាទីយ៉ាងល្អ ក្នុងការបម្រើរាស្រ្ត បម្រើប្រជាជន និងទទួលបានការគោរពស្រឡាញ់រាប់ អានពីសំណាក់ មន្រ្តីរួមការងារ និងប្រជាពលរដ្ឋក្នុងស្រុក និងពុំដែលបង្កររឿងអាស្រូវ បង្ករបញ្ហា ដែលធ្វើ ឲ្យមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ រហូតទទួលបានជឿទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងជាអភិបាលរងស្រុកសន្ទុក ហើយក៏ពុំមានការពាក់ព័ន្ឋនិងការជួញដូរឈើនោះឡើយ។
ចែលីន បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ច បានចុះពិនិត្យឈើ ដែលគ្រោងនិង សាងសង់ផ្ទះជូនកូនធម៌ឈ្មោះ សាន វាសនា ដែលមានឈើគ្រឿង និងក្តា សមត្ថកិច្ចដែលបានដឹកនាំដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង បានគិតពិចារណា ហើយក៏មានការអធ្យាស្រ័យ យោគយល់ នូវការកង្វះខាតរបស់កូនធម៌ របស់គាត់ ក៏សម្រេចមិនទាន់បានដកហូត ឬក៏មិនបានដឹកឈើចេញពីទីតាំងដីឡូត៍នោះទេ ចែលីនបានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ឋ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មេត្តាអនុគ្រោះចំពោះ ក៏សាងសង់ផ្ទះសម្រាប់ស្នាក់នៅពិតប្រាកដ ដោយមិនបានលក់ដូរនោះឡើយ។
ដោយ ប៊ុន រដ្ឋា




































