ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន និងភរិយា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាកសាងសងព្រះវិហារវត្តពៅពិសី ដែលមានការអញ្ជើញចូលរួមពីសំណាក់ ទង់ គឹមតុល តំណាងអភិបាលក្រុងស្ទឹងសែន ថ្នាក់ដឹកនាំ និងភរិយា របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រះអនុគណក្រុង ស្ទឹងសែន និងព្រះចៅអធិការវត្តទេពនិមិត្ត លោកតា លោកយាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃ១០ ខែមីនាឆ្នាំ២០២០ ក្នុងសង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានលើកឡើងពីប្រវត្តនៃវត្តពៅពិសី ដែលទីទួលនេះកន្លងមក មានតម្កល់ព្រះពុទ្ធបដិមា មានសហគមន៍វៀតណាមចូលមករស់នៅតំបន់ ជំនាន់ប៉ុលពត ព្រះសង្ឃបានចាប់ផ្សឹកឲ្យធ្វើការជាទម្ងន់ ក្រោយ៧មករា១៩៧៩ បានរៀបចំកសាងវត្តឡើងវិញ ដោយព្រះចៅអធិការវត្ត នង អ៊ុំ ក្រោយមក នៅឆ្នាំ១៩៨៨ គុណភាពថយចុះ ក៏សម្រេចវាយចោល ហើយក៏ធ្លាបទទួលរងនូវគ្រោះអគ្គីភ័យផងដែរ រហូតដល់ឆ្នាំ២០២០ វត្តពៅពិសី ដែលដឹកនាំព្រះពុទ្ធសាសនា ដោយព្រះតេជគុណ ហឿន វីរៈ ជាមួយនិងគណៈកម្មការវត្តរួមមតិសាមគ្គីកសាងព្រះវិហារថ្មីឡើងវិញ ដែលជាវត្តធម្មគន្ឋរ៉ាម ហៅវត្តពៅពិសី មានទំហំ ១២ម គុណ២៤ម ។
ឯកឧត្តម សោម ស៊ុន បានថ្លែងថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា មានការីកចម្រើនយ៉ាងឆាប់រហ័ស បើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយ ក៏មានវត្តអារ៉ាម មានព្រះវិហារ មានអាស្រម សម្រាប់ឲ្យបងប្អូន ដែលបានគោរពនិងអភិរក្សតំលៃព្រះពុទ្ធសាសនា តាមទំនាមទំលាប់ប្រពៃណីខ្មែរ ក្នុងនោះក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឲ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណីដូនតារបស់ខ្មែរយើង ឲ្យកាន់តែល្អប្រសើរផងដែរ។
ឯកឧត្តមមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសម្តែងនូវសេចក្តីត្រេតអរចំពោះលោកតា លោកយាយ ដែលជាប្រជាពលរដ្ឋខ្មែរ មានភ័ពសំណាងក្រៃលែងដែលបានជ្រកក្រោមម្លប់សន្តិភាព មានសិទ្ធិសេរីភាពគ្រប់សព្វបែបយ៉ាង ទាំងការធ្វើដំណើរទៅទីជិតទីឆ្ងាយ មិនថាយប់ឬថ្ងៃក៏អាចដើរហើរដោយ សេរី ជាពិសេសនោះគឺ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ សប្បាយក្នុងការប្រារព្វពិធីបុណ្យទាន
រៀបចំពិធីមង្គល់ដល់កូនប្រុសស្រី រៀបចំពិធីបំបួសកូនឲ្យចូលបំម្រើក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបន្តសងគុណដល់អ្នកមានគុណ បានគ្រប់រដូវកាល និងគ្រប់ពេលវេលាតាមចិត្តចង់ ដោយគ្មានការហាមឃាត់ ដូចអតីតកាល៣ឆ្នាំ៨ខែ២០ថ្ងៃកន្លងមកនេះ។
នៅក្នុងឳកាសនៃពិធី បញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ក្នុងនោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមបច្ច័យចំនួន១,៥៣០,០០០ រៀលស៊ីម៉ងត៍ចំនួន២តោន អង្ករចំនួន ៥០០ គ.ក និងទឹកផ្លែឈើចំនួន២០កេសសម្រាប់ព្រះសង្ឃគង់ក្នុងវត្ត៣៨អង្គ ជូនលោកតាលោកយាយ៦០នាក់ក្នុងម្នាក់១ម៉ឺនរៀល សិស្សានុសិស្ស២០០នាក់ក្នុងម្នាក់ទទួលបានប៊ិច១សៀវភៅ២ក្បាលថវិកា២០០០រៀល ។
ដោយ ប៊ុន រដ្ឋា





































