បើកម៉ូតូលឿនពេកចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តបែនដឹកដី ស្លាប់១នាក់របួសធ្ងន់១នាក់ នៅស្រុកត្រាំកក់

0

តាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តបែន និងម៉ូតូគ្រឿងបណ្តាលឲ្យក្មេងស្រី១នាក់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង១នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង១៥និង៥៥នាទី ស្ថិត នៅលើផ្លូវលេខ ១៣២ ចន្លោះគីឡូម៉ែត្រលេខ ១១-១២ ក្នុងភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ គឺក្នុងទិសដៅស្របទិសគ្នា ដោយមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ប្រភេទបែនដឹកដី ពណ៌ស គ្មានពាក់ផ្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិស ខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងចូលចាក់ដី ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងមកបុកចំពីក្រោយ ពេញមួយទំហឹងតែម្តង។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូដែលជិះបុករថយន្តចំពីក្រោយនោះ មានម៉ាកស៊ុយ ស៊ូគីនិច C110 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FJ -4528 ដែលបើកបរដោយមានគ្នារួមដំណើរម្នាក់ទៀត ទី១មានឈ្មោះ ស៊ុន ស្រីនី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ពីក្រោយទី២ មានឈ្មោះ ឌន លីលី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្មេងស្រីដែលជាសិស្សសាលាទាំង២នាក់ បើកបរមកពីទិសខាង លិចយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ដោយស្ថិតក្នុងល្បឿនពេក ក៏បានជ្រុលទៅបុករថយន្តដឹកដីពីខាងក្រោយពេញមួយទំហឹងតែម្តង ។បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកក្រុងដូនកែវ ។

បច្ចុប្បន្នរថយន្តបង្ករ និងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងរួចកសាងសំណុំរឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រងចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសពជន រង គ្រោះ១នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិគ្រួសារសពយកទៅធ្វើ បុណ្យតាមប្រពៃណីហើយ។