កងកម្លាំងបញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យសំខាន់ៗនៅក្នុងខេត្ត

កំពង់ធំ៖ បញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំង ដើម្បីត្រៀមកិច្ចការពារសន្តិសុខសុវត្ថិភាព និងការចូលរួមការពារក្នុងពិធីបុណ្យសំខាន់ៗនៅខេត្តកំពង់ធំ កិច្ចប្រជុំនេះ បាន ធ្វើឡើងនៅ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ ។

ថ្នាក់ដឹកនាំស្ថាប័ន និងកងឯកភាពមួយចំនួនក៏បានលើកឡើងអំពីការប្រុងប្រៀបរបស់ស្ថាប័ន និងអង្គភាពខ្លួនទាំងកងកម្លាំង រួមទាំងអាវុធគ្រាប់ និង មធ្យោបាយគ្រប់គ្រាន់ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមការដឹកនាំរបស់ឯកឧត្តមសុខ លូ  អភិបាលខេត្ត ប្រធាន គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ រៀបចំពិធីបុណ្យសំខាន់ៗរបស់ខេត្ត និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានមកដល់នៅពេលខាងមុខនេះផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់សមាជិកនៃអង្គប្រជុំរួចមក ក៏បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ មេបញ្ជាការ គ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ត្រូវដឹងថា កងទ័ពគឺជាកូនចៅប្រជាជន ដូច្នេះជាកាតព្វកិច្ច ត្រូវបម្រើប្រជាជនឲ្យបានល្អបំផុត និងស្មោះត្រង់ ជួយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋ  និងការពារភាពសុខសាន្ត និងការចូលរួម សប្បាយរីករាយជូនប្រជាជន ក្នុងពិធីបុណ្យ និងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេ បានកោតសរសើរ និងវាយតំលៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូបចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើអង្គភាពទទួលបានលទ្ធផលល្អ ដែលត្រូវបានថ្នាក់លើលើកសរសើរផងដែរ រួមទាំងបានផ្សព្វផ្សាយ ជូនយោធិនគ្រប់រូបត្រូវចេះរក្សាសុខភាព  អនាម័យសំអាតដៃ និងខ្លួនប្រាណដោយលាងដៃ នឹងសាប៊ូឬអាល់កុល  តាមការណែនាំរបស់ក្រសួងសុខាភិបាល  ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូរវីត១៩ ដែលកំពុងរាលត្បាតនៅលើពិភពលោក។

ដោយ ប៊ុន រដ្ឋា