កំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបំពាក់មួកសុវត្ថិភាព ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណេះសំណាលជាមួយកងកម្លាំង ដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបជុំជាមួយបងប្អូនកងកម្លាំង ឆ្លៀតក្នុងឱកាសនេះ ក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដែលមានស្នាដៃចំពោះជាតិមាតុភូមិ នាពេលកន្លងមក ថែរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ប្រឆាំងរាល់ឧបាយកល របស់ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន ដែលតែងតែសកម្មភាពយាយី បង្ករឲ្យបាត់បង់សន្ដិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈរូបភាពផ្សេងៗ ។
លោកឧត្តមសេនីយ៍ បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃអង្គភាពអធិការដ្ឋានគរបាលក្រុងស្ទឹងសែន ដែលបានដឹកនាំ កសាងអង្គភាពមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដូចជាសំណង់អាគារ រិយាល័យសម្រាប់បំពេញភារកិច្ច កងកម្លាំងមានរបៀបរៀបរយ និងមានវិន័យក្នុងកងជួរបានល្អ ដែលស្ដែងចេញពី កត្តាសាមគ្គីភាព ឯកភាពផ្ទៃបានល្អ ។
លោកឧត្តមសេនីយ៍ បានផ្ដាំផ្ញើ ដល់កងកម្លាំងត្រូវថែទាំ សុខភាពជាចំបង តាមរយៈការធ្វើអនាម័យ បរិភោគ ម្ហូបអាហារ ត្រូវចម្អិនឲ្យបានឆ្អិនល្អ ចាំបរិភោគ ពិសារទឹកស្អាត ទើបបងប្អូនមានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវ មួយចំនួន ហើយពេលខាងមុខនេះ មានពិធីបុណ្យជាបន្តបន្ទាប់ពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកាន់តែខិតជិតចូលមកក្នុងពេលឆាប់ៗ សូមឲ្យបងប្អូន បង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងប្រើប្រាស់វិធានការជំនាញ ក្នុងបង្ការ ទប់ស្កាត់ រាល់សកម្មភាពបទល្មើស ធ្វើយ៉ាងណា ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រស់នៅដោយភាពសុខសាន្ត។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបំពាក់មួកសុវត្ថិភាពចំនួន ៩០ មួក និងឧបត្ថម្ភ សម្ភារៈ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ៕
ដោយ ប៊ុន រដ្ឋា