កំពង់ឆ្នាំង ៖ ល្បែងកន្ទុយលេខ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានគេដឹងថា ពុំអាចមានព្រះអង្គម្ចាស់ណា ហ៊ាន បង្រ្កាបបានទេ ដោយសារតែគេស្គាល់ថា ជាល្បែងកន្ទុយលេខប៉ៅផ្តាច់មុខ របស់លោក តោ ហៅ លោករ័ត្ន ទើបធ្វើឲ្យល្បែងកន្ទុយលេខនៅក្នុងខេត្តកំពង់ឆ្នាំង រីកដុះដាល់ លក់ស្ទើរតែបើកចំហរ ដោយមានកូនដៃគ្រប់ទីកន្លែង ពេញទីរួមខេត្តកំពង់ឆ្នាំង និងមានសាខាតាមស្រុកទៀតផង តែពុំត្រូវបានបង្រ្កាបនោះទេ ដោយសង្ស័យថា មានការត្រូវរ៉ូវគ្នាអស់ហើយ។
ចំណែកល្បែងស៊ីសងនៅតាមស្រុក ស្ថិតនៅក្រោមឃ្លៀក របស់លោកអធិការស្រុកជល់គីរី មិនត្រូវបានលុបបំបាត់ បើទោះបីជាមានការ ដាក់បទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ដោយ ក៏លោក អធិការស្រុកជលគីរី មិនត្រូវបានចាត់វិធានការ ក្នុងការបង្រ្កាបនោះឡើយ ធ្វើឲ្យមហាជនមានការសង្ស័យថា ប្រហែលជាលោក អធិការស្រុកជលគីរី បានសើមមាត់សើមករ ពីមេល្បែងពីរនាក់ប្តីប្រពន្ធ នៅស្រុកជល់គីរី ទេដឹងបានទេ ខំរក្សាទុកនិងអោបក្រសោមបនល្បែងទាំងនេះ ។
យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ថាបនល្បែងស៊ីសង បៀរ អាប៉ោង និងកន្ទុយលេខ ដែលបានធ្វើ សកម្មភាពលេង ក្នុងដើមផាន់រាប់សិបលានរៀលក្នុងមួយថ្ងៃ ដែលមានឈ្មោះ យន់ សុផល ជាអ្នកបើកបន ល្បែងយ៉ាងអាណាធិបតេយ្យ ជាមួយប្រពន្ធឈ្មោះចែលាង ដែលត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា ចែលាង និងប្តីឈ្មោះ យន់ សុផល បានដើរអួតអាងថា និងស្វាគមន៍ចំពោះបងប្អូនណា ដែលញៀនល្បែង បើអត់កន្លែងលេង សូមមកលេងបនល្បែងមហាសេរី នៅស្រុកជលគីរី ព្រោះចែលាង បានរត់ការដល់លោក ស្នងការខេត្តកំពង់ឆ្នាំង ហើយត្រឹមលោកអធិការមិនហ៊ានសូម្បីតែឈានជើងមកដល់ទីតាំងលេងល្បែងរបស់គាត់ដែរ ដោយមិនដឹងថា ការអះអាងរបស់មេបនល្បែងនេះ ពិតឬមិនពិតដូចម្តេចនោះឡើយ ខណៈនេះអង្គភាព ខេមរា និងបន្តស្រាវជ្រាវ បន្តទៀត។
តាមការអះអាងពីប្រភពប្រជាពលរដ្ឋ ដែលសុំមិនបញ្ជេញឈ្មោះបានអះអាងថា ចាប់តាំងពីលោក ហ៊ឹម យ៉ុង មកកាន់តំណែងជា អធិការស្រុកជល់គីរីមក បនល្បែងស៊ីសង បៀរ អាប៉ោង និងឆ្នោត បានធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេង ដោយគ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ហើយក៏ត្រូវបាន បង្កើននូវបញ្ហាហឹង្សាក្នុងគ្រួសារ លែងលះប្តីប្រពន្ឋ បាត់បង់ទ្រព្យសម្បត្តិដោយសារតែល្បែង ជាពិសេសនោះ អំពើចោរលួច ចោរប្លន់ អាចនិងកើនឡើងបើគ្មានការទប់ស្កាត់លុបបំបាត់បនល្បែងស៊ីសងនេះ ។
មហាជនបានដាក់ការសង្ស័យថា ការដែលបណ្តោយឲ្យមាន បនល្បែងស៊ីសងនេះ បើលោកហ៊ឹម យ៉ុង អធិការដ្ឋាននគរបាល ស្រុកជល់គីរី និងមេប៉ុស្ត៍ មេស្រុក មិនទប់ស្កាត់មិនឲ្យមាន ធ្វើម៉េចនិងមានកើត តែបើលោកអធិការ លោកមេប៉ុស្ត៍ និងលោក ស្នងការខេត្តកំពង់ឆ្នាំង ញ៉ាំប្រាក់ខែរាស្រ្ត ឬស៊ីប្រាក់ខែដោយកម្លាំងញើសឈាមរបស់រាស្រ្ត មិនបំរើរាស្រ្ត អសមត្ថភាពក្នុងការកំចាត់ល្បែងស៊ីសង ក្នុងស្រុកជលគីរី ក៏ដូចជាល្បែងឆ្នោត របស់លោក តោ ហៅលោករ័ត្ន ដែលជាមេឆ្នោតដ៏ធំនៅក្នុងខេត្តកំពង់ឆ្នាំ ក៏គួរតែមានការផ្លាស់ប្តូរ ដើម្បីយកអ្នកដែលមានសមត្ថភាពមកបំរើរាស្រ្តវិញ។
ក្នុងនោះក៏មានប្រជាពលរដ្ឋ ស្ទើរតែទូទាំងខេត្តកំពង់ឆ្នាំង បានសំណូមពរ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយមើលការងារលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលពុំមានវិធានការទប់ស្កាត់បនល្បែង ស៊ីសង ដែលជាល្បែងឆ្នោត កន្ទុយលេខខុសច្បាប់ របស់លោក តោ ហៅ លោករ័ត្ន ដែលបានបើកទីតាំងលេងកន្ទុយលេខខុសច្បាប់ដ៏ធំ នៅក្នុងខេត្តកំពង់ឆ្នាំង តែពុំត្រូវបានបង្រ្កាប និងបនល្បែងស៊ីសងមួយកន្លែងទៀត ស្ថិតនៅក្រោមឃ្លៀករបស់លោក អធិការស្រុកជលគីរី ដែលមានឈ្មោះ យន់ សុផលជាប្ដី នឹងឈ្មោះចែលាងជាប្រពន្ធ ជាម្ចាស់ទីតាំងបើកបនល្បែង ។
ដោយ នាគរាជ