សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម

0

សៀមរាប៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប រួមនិងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាអ្នកអនុវត្តន៍ បានឃាត់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បង្ហោះព័ត៌មានមិនពិត ជុំវិញករណីជំងឺកូរ៉ូណា ក្នុងខេត្តសៀមរាប និងបានជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម ។

តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បុរសរូបនេះ មានទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងបានបង្ហោះព័ត៌មានមិនពិត និង ប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។

តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើសនេះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ៖ អ៊ុន ណារាជ្យ