កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ចាត់ទុកថា ការ កសាងគ្រប់ សមិទ្ធផលទាំងអស់ ឲ្យ មានការ រីក ចំរើន ជា បន្តបន្ទាប់ នេះ គឺជាម្លាំងញើសឈាមរបស់យើងទាំងអស់គ្នា តាមរយៈ ការចូលរួមសន្សំជាបច្ច័យបន្តិចម្ដងៗ ទម្រាំលេចចេញជារូបរាងឡើងនៅពេលនេះ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធីសម្ពោធ ដាក់ប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍វង្ស ហៅវត្តជំនីក ស្ថិតនៅក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ។
ថ្លែង ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទាំងអស់នេះ គឺសម្រាប់ទុកជាប្រយោជន៍ ក្នុងការលើកកម្ពស់ នូវគុណតម្លៃ នៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តាមរយៈ ការចូលរួមចំណែក ចាប់ជាកុសល ពីសំណាក់ពុទ្ធបរិស័ទជិត ឆ្ងាយ ។ ទន្ទឹមនឹងនោះ សមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផល ដែលកើតចេញពីកម្លាំងញើសឈាម របស់យើងទាំងអស់គ្នា ពីព្រោះថា ទម្រាំបានលេចចេញជារូបរាងយ៉ាងដូច្នេះ គឺព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទជិត ឆ្ងាយ បានខិតខំសន្សំនូវបច្ច័យ ចាប់មគ្គផលបន្តិចម្ដងៗ ដើម្បី បានកសាងសមិទ្ធផលទាំងអស់នេះឡើង ។ លើសពីនេះទៅទៀត សមិទ្ធផលនេះ មិនមែនត្រឹមតែបំរើ និងលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនា តែមួយមុខនោះទេ តែបានចូលរួមលើកកម្ពស់ ដល់សុខដុមនីយកម្មសម្រាប់សង្គម ជាពិសេស ជាទីកន្លែងជួបជុំគ្នា សម្រាប់លោកយាយ លោក តា ក៏ដូចជា ពុទ្ធបរិស័ទទូទៅ ដែលមានវ័យចាស់ បានរួមគ្នា មកកសាងនូវបុណ្យកុសល ដើម្បី រំដោះនូវកម្មពារ ផងដែរ ។
ជាមួយ គ្នានោះ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងដែរថា ការរីកចំរើន នៃសមិទ្ធផលទាំងអស់នេះ គឺបានដើរស្របគ្នា រវាងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បី បំរើផលប្រយោជន៍ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដមន្ត្រី ។
គួរ បញ្ជាក់ ផង ដែរថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ មាន ៖ កុដិ ជួសជុលតំបូល និងខឿនព្រះវិហារ ក្លោងទ្វារ ផ្លូវបេតុង និងចាក់សាប សរុបទឹកប្រាក់អស់ ចំនួន ១៣៧.៨៧៤ដុល្លារអាមេរិក និងប្រាក់រៀល ចំនួន ៦៩៨.០០៥.៥០០រៀល គឺបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ តាមរយៈ បុណ្យកឋិនទាន បុណ្យផ្កា ចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ និងកម្មវិធីផ្សេងៗ ៕