សៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនខិលខូច បានលួចដុតព្រៃលិចទឹក និងយកត្រាក់ទ័រឈូសព្រៃ តំបន់ហាមឃាត់ ដែលគេដឹងថា រដ្ឋបានការពារទុកសម្រាប់ត្រីពងកូននៅរដូវវស្សារ ករណីនេះបានកើតមានត្រង់ ចំណុចវាលថ្លុកពេញ ក្នុងភូមិសាស្ត្រ
សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ ។
ពលរដ្ឋរាយការណ៍មកថា បានឃើញត្រាក់ទ័រមួយគ្រឿងចូលឈូសក្បែរព្រៃដែលត្រូវបានគេលួចដុះ ទន្ទ្រានយកដីមកកាន់កាប់ ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ជនខិលខូច។
ហេតុការណ៍មានភ្លើងឆេះព្រៃក្នុងតំបន់ ២ ចំណុចវាលថ្លុកពេញ ជាប់និងចុងស្រែរបស់ពលរដ្ឋមួយកន្លែង តែមិនស្គាល់ឈ្មោះអ្នកបើកត្រាក់ទ័រ ឬ អ្នកបញ្ជាពីក្រោយ ករណីនេះប្រជាពលរដ្ឋបានរាយការណ៍ និងបានសំដែងនូវការមិនសប្បាយចិត្ត ចំពោះការបំភ្លេចបំផ្លាញព្រៃរក្សាទុកសម្រាប់ត្រីពងកូននូវរដូវវស្សារ ។
បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍របស់ប្រជាពលរដ្ឋ អាជ្ញាធរបានចុះទៅពិនិត្យដល់កន្លែងភ្លើងឆេះព្រៃដែលជនខិលខូចបានលួចដុតបំផ្លាញ ដើម្បីស្រាវជ្រាវរកជនដែលបានដុតបំផ្លាញព្រៃការពារដោយរដ្ឋ តែពុំអាចស្រាវជ្រាវរកឃើញភ្លាមៗនោះទេ បានត្រឹមតែ ធ្វើរកំណត់ហេតុនឹងរបាយការណ៍។
គេសង្កេតឃើញវត្តមានអជ្ញាធរចុះទៅពិនិត្យមាន លោក ហាយ យ៉ុង តំណាងលោកអភិបាលក្រុង,លោក គង់ ប៊ឹប ចៅសង្កាត់រងជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៍ នគរបាលប៉ុស្តិ៍ជ្រាវ និងមន្ត្រីជលផល កាលពីថ្ងៃទី១១ ខែមីនាឆ្នាំ២០២០។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកព័ត៌មាន មិនទាន់ទទួលបានព័ត៌មានលំអិត ពីអាជ្ញាធរមានសម្ថកិច្ចនៅឡើយទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង។
ពលរដ្ឋ សង្ឃឹមថា៖ អជ្ញាធរមានសម្ថកិច្ច នឹងស្រាវជ្រាវតាមរកជនខិលខូលលួចដុតបំផ្លាញព្រៃលិចទឹកសម្រាប់ត្រីពងកូនក្នុងរដូវវស្សារ ដែលការពារដោយរដ្ឋ យកមកផ្តន់ទាទោស ទៅតាមផ្លូវច្បាប់ជាធរមាន ចូលរួមទប់ស្កាត់ការពារមិនអោយជនខិលខូច ចូលទៅដុតបំផ្លាញព្រៃលិចទឹក បន្តទៀតនោះទេ ការពារដាច់ខាត ទុកសម្រាប់ជាប្រយោជន៍រួម ទុកសម្រាប់កូនចៅជំនាន់ក្រោយៗបន្តទៀត។
សូមជម្រាបដែរថា៖ លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់មានប្រសាសន៍ថា៖ ត្រូវការពារព្រៃលិចទឹកដាច់ខាត ករណីមានជនខិលខូច ទៅកាប់បំផ្លាញព្រៃ ឬដុតបំផ្លាញព្រៃលិចទឹក ត្រូវឃាត់ខ្លួនមកអនុវត្តតាមច្បាប់ ករណីលួចដុះយើងមិនដឹងថាជាបុគ្គលណាជាអ្នកកាប់ឬដុតបំផ្លាញ ពេលមានអ្នកណាចូលទៅកាន់កាប់គ្រប់គ្រងដីនោះ គឺត្រូវឃាត់ខ្លួនជាបន្ទាន់ និងផ្តន់ទាទោសទៅតាមនិតិវិធី ៕




































