សៀមរាប៖ គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ខេត្តសៀមរាប មានអ្នកផ្ទុកជំងឺកូវីត១៩ជនជាតិខ្មែរតែម្នាក់ប៉ុណ្ណោះ ដែលបានឆ្លងពីជនជាតិជប៉ុនរស់នៅក្នុងខេត្តសៀមរាប ។ 
ជាមួយនោះ បុរសរូបនេះ រួមនឹងអ្នកសង្ស័យថា មានឆ្លងជំងឺកូវីត១៩នេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈពួកគេនៅតែមានសុខភាពល្អដដែល ។
ជុំវិញការឆ្លងជំងឺកូវីត១៩នៅក្នុងខេត្តសៀមរាបនេះ តាមសម្ដីរបស់អាជីវករលក់បន្លែមួយរូប លើកឡើងថា ដោយសារការភ័យខ្លាចរបស់គាត់ គាត់បានសម្រេចចិត្តកាត់បន្ថយបន្លែយកមកលក់នៅលើទឹផ្សារ ប៉ុន្តែនៅពេលដែលគាត់ឃើញផ្ទាល់នៅតាមផ្លូវពេលគាត់លក់ដូរ គឺមនប្រជាពលរដ្ឋមកទិញធម្មតា ដែលធ្វើឲ្យគាត់មិនសូវមានការបារម្ភពីបញ្ហាជំងឺ COVID19 ឡើយ ។
បើតាម លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចត្តឡីស័ករបស់ខេត្តសៀមរាប បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ពុំទាន់មានការរាតត្បាតការឆ្លងជំងឺកូវីត១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ ៕

ដោយ៖ អ៊ុន ណារាជ្យ




































