ឧត្តរមានជ័យ. ស្នងការនគរបាលខេត្តឧត្តរមានជ័យ បង្ហាញមុខជនសង្ស័យឈ្មោះ ឡេង សារ៉ាន់ អាយុ៣៤ឆ្នាំ មានតួនាទីជាមេប៉ុស្តិ៍ប្រចាំក្បាលអន្សោងនៃនគរបាលការពារព្រំដែនលេខ៩០៥ ដែលរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះឈ្មោះ ប.ស.រ អាយុ១៥ឆ្នាំ មានទីលំនៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៤ នៅចំណុចស្នាក់ការប៉ុស្តិ៍ក្បាលអន្សោង ហើយជនសង្ស័យត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ លោក ផេង កុសល ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ រងចាំជំនុំជំរះ។
លោកវរសេនីយ៍ឯក ឡឹក សុខា ស្នងការរងខេត្តឧត្តរមានជ័យបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្ត បានបញ្ជាដល់កម្លាំងនគរបាល ចុះតាមចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ជនសង្ស័យត្រូវកម្លាំងព្រហ្មទណ្ឌស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យបាននៅភ្នំត្បែង ខេត្តព្រះវិហារ រួចនាំមកស្នងការនគរបាលខេត្តឧត្តរមានជ័យ។ លោកវរសេនីយ៍ឯកបន្តថា ទោះបីជនសង្ស័យឈ្មោះ ឡេង សារ៉ាន់ មានតួនាទីជានាយប៉ុស្តិ៍នគរបាលក្បាលអន្សោង តែសំរាប់ច្បាប់មិនអាច
លើកឡែងទោសឱ្យបាននោះឡើយ ហើយស្នងការខេត្តនឹងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការខេត្តដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។ ជនសង្ស័យឈ្មោះ ឡេង សារ៉ាន់ ដែលរំលោភ និងបង្ខាំងប្រើអំពើហិង្សា លើក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ ចៅស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាសម្រេចឃុំខ្លួនរងចាំជំនុំជំរះ ហើយច្បាប់ព្រហ្មទណ្ឌលេខ ២៥០នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។