លោក តុប កក្តដាប្រធានមន្ទីរបរិស្ថានដឹកនាំកម្លាំងបរិស្ថានចុះបង្រ្កាបការដឹកជញ្ជូនឈើហ៊ុបខុសច្បាប់

កំពង់ធំ៖ បទល្មើសព្រៃឈើ ទទួលរងការកាប់បំផ្លាញ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែនិយម ចាប់យកអាជីពកាប់ឈើព្រៃលក់ ជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបានធ្វើឲ្យព្រៃឈើជាច្រើនកន្លែងនៅក្នុង ខេត្តកំពង់ធំ កំពុងតែប្រឈមនឹងការកាប់បផ្លាញព្រៃឈើ ហើយដឹកជញ្ជូនមកលក់ឲ្យឈ្មួញចាំទិញ ដើម្បី ពុះអាជ្រៀកជាក្តាសម្រាប់លក់បន្ត។

ជាក់ស្តែង  លោក តុប កក្តដាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានណែនាំឲ្យលោក អឿ តាងប្រធានស្នាក់កាបរិស្ថានអូរតាព្រហ្ម បានដឹកនាំកម្លាំងបរិស្ថានចុះបង្រ្កាប គោយន្តកន្រ្តៃ ចំនួន៣គ្រឿង ដែលកំពុងតែដឹកជញ្ជូនឈើហ៊ុប ដែលជា ផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចថ្នល់ស ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំនៅវេលាម៉ោង៨.១៥នាទីថ្ងៃទី១៨ខែមិនាឆ្នាំ២០២០។

 

លោក អឿ តាងប្រធានស្នាក់ការអូរតាព្រហ្ម  បានបញ្ជាក់ក្នុងរបាយការណ៍ថា គោយន្តកន្រ្តៃដែលបាន បង្រ្កាបទាំងបីគ្រឿង រួមទាំងឈើហ៊ុបជាច្រើនដើមដែលជាប្រភេទឈើចំបក់ បាននាំយកទៅរក្សាទុក នៅស្នាក់ការអូតាព្រហ្ម ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ចំណែកម្ចាស់គោយន្តកន្រ្តៃត្រូវបានដោះលែងអោយត្រទ្បប់ទៅផ្ទះវិញ។

ដោយ ប៊ុន រដ្ឋា