ខេត្តកំពង់ធំ៖ លោកស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់មនុស្សដោយចេតនា នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ កើតហេតុនៅវេលាម៉ោង ០៦ និង៤០នាទីព្រឹក ក្នុងបរិវេណធនាគារភ្នំពេញពាណិជ្ជ ផ្លូវមុនីរ៉េតក្រុមទី ៣៩ ភូមិទី៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យបានរត់មកខេត្តកំពង់ធំ ដើម្បីគេចខ្លួនពីការតាមចាប់ តែត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីទទួលបានព័ត៌មាន ករណីជន សង្ស័យក្នុងអំពើឃាតកម្ម ក៏បានបានដឹកនាំបញ្ជាផ្ទាល់ ឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងកម្លាំងនគរបាលរដ្ឋបាលអាចារ្យលាក់ អធិការនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅវេលាម៉ោង១៧ និង១៥ នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិ ព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធ ករណីឃាតកម្ម នៅរាជធានីភ្នំពេញនា ដែលជនសង្ស័យមានឈ្មោះ ឈី ប៊ុនណៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន CSCទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែក សាកសពឈ្មោះ ប៊ុន សុខចំរើន អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន CSC ទីលំនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បច្ចុប្បន្នកម្លាំងជំនាញបានកសាងនីតិវិធី ដើម្បីបញ្ជូនមករាជធានីភ្នំពេញចាត់ការបន្ត ។
ដោយ ប៊ុន រដ្ឋា