អាជ្ញាធរ ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ ប្រឆាំងជំងឺ COVID-19 និងណែនាំអំពីការថែទាំសុខភាព ដល់បងប្អូនខ្មែរឥស្លាម នៅ ស្រុក កងមាសកំពង់ចាម : ក្រោយ ពី ក្រសួង សុខាភិបាល បានប្រកាសថាបានរកឃើញអ្នក ផ្ទុក មេរោគកូវិដ១៩ ចំនួន០៧នាក់ ដែលជា ជនជាតិ ម៉ាឡេស៊ី បានមកធ្វើការងារសាសនា នៅស្រុក កងមាស ជា បន្តបន្ទាប់ រួចមក ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ និង ជាកិច្ចការ ការ ពារដល់សុខសុវត្ថិភាព របស់ បងប្អូន ប្រជាពលរដ្ឋ ផងនោះ នាព្រឹក ថ្ងៃ ទី ២១ ខែមិនា ឆ្នាំ ២០២០នេះ ក្រោម ការ យកចិត្ត ទុកដាក់ ពី សំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និង ជា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក ហាន កុសល អភិបាល រង ខេត្ត និង ជា ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម រួមដំណេីរ ជាមួយ ថ្នាក់ ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន បាន ដឹកនាំ ក្រុម យុវជន ស.ស.យ.ក ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅ វិហារ ឥស្លាម ដែល ជនជាតិ ម៉ាឡេស៊ី ទាំង នោះ ចូលរួមថ្វាយបង្គុំ ព្រះ និង ទីតាំង ស្នាក់នៅ បណ្តោះអាសន្ន ផង ដែរ ។
លោក ភោគ សាវុធ អភិបាល ស្រុក កងមាស បាន ឲ្យដឹង ថា ក្នុង ការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ ដែល មាន ការ ចុះ បាញ់ ថ្នាំ សម្លាប់ មេរោគ ផងនេះ មិនមែនជាការរើសអើងអ្វីឡើយ តែជាការយកចិត្តទុកដាក់ដល់សហគមន៍របស់យើងទាំងមូលដែលជាខ្មែរតែមួយ។ ដូច្នេះ ក្រុម ការងារ បាន ធ្វើ ការ បាញ់ថ្នាំសម្លាប់មេរោគ នៅវិហារឥស្លាម-សារ៉ាវ ចំនួន ៤កន្លែង និង ផ្ទះគោលដៅ១ខ្នង ស្ថិតក្នុងឃុំរកាគយ និងឃុំ អង្គរបាន នៃស្រុកកងមាស ។ ព្រមទាំង បានពន្យល់បងប្អូនខ្មែរឥស្លាម អំពីការថែទាំសុខភាព ការញុះញង់អំពីការរើសអើង ការការពារមេរោគ Covid-19 ។ ថែមទាំង បានកំណត់ ឲ្យ ចាក់សារផ្សព្វផ្សាយអំពីមេរោគ Covid-19 តាមវិហារនីមួយៗតាមមេក្រូដែលមានស្រាប់។
ជាមួយគ្នា នោះ ក្រុមគ្រូពេទ្យជំនាញ ក៏បានចុះទៅប្រមូលសំណាកមនុស្ស ចំនួន ៤០នាក់ ដែលមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយជនជាតិម៉ាឡេស៉ី ទាំង៧នាក់ ដែលមានផ្ទុកមេរោគ Covid-19 នៅស្រុកកងមាស ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ផង ដែរ ៕