ស្នងការនគរបាលខេត្តតាកែវ អញ្ជើញផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០២ របស់អគ្គស្នងការនគរបាលជាតិ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ឯក ជាស្នងការរង បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ព្រមទាំងបានផ្សព្វផ្សាយសេចក្ដីណែនាំ លេខ៩១៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរចេញពីប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងការធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជារបស់ប្រជាពលរដ្ឋវៀតណាម (វិធានការណ៍នេះមិនត្រូវបានអនុវត្តន៍ចំពោះប្រជាពលរដ្ឋទាំងពីរដែលមានលិខិតឆ្លងដែនការទូតនិងផ្លូវការទេ) និងផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០០២ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី វិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID19 ដល់មន្ត្រីនគរបាលការពារព្រំដែនទាំងអស់ដេីម្បីចូលរួមបង្ការទប់ស្កាត់ រីករាលដាល និងកាត់បន្ថយការឆ្លងជំងឺ COVID19 សំដៅការពារដល់សុខមាលភាពមន្រ្តីនគរបាល ព្រមទាំងបានណែនាំដល់លោកមេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៦០៣ និងលោកអធិការត្រូវរៀបចំឧបករណ៍វាស់ស្ទង់កំដៅ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជូនដោយលាងដៃដោយសាប៊ូ ឬអាល់កុល មុនចូលធ្វេីការផងដែរ។