គណៈកម្មាធិការសមាគមអតីតយុទ្ធជនបើកកិច្ចប្រជុំផ្តោតលើវិធានការពារនិងទប់ស្កាត់ជំងឺកូវីដ១៩និងរៀបចំដីសម្បទានសង្គមកិច្ចនិងសាងសង់ផ្ទះជូនអតីតយុទ្ធជន

កំពង់ធំ៖ ខណៈពេលដែលដំណាក់កាលជំងឺឆ្លងដ៏កាចសាហាវ កូវិដ១៩ បានយាយីអាយុជីវិតប្រជាពលរដ្ឋ ទូទាំងពិភពលោក បានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជម្រុញឲ្យមានការយកចិត្តទុកដាក់ លើសហគមន៍ និង រួមទាំងប្រជាពលរដ្ឋឲ្យចូលរួមការពារទប់ស្កាត់ ការីករាលដាល់ជំងឺកូវីដ១៩។

ជាក់ស្តែង គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយ ណែនាំដល់អតីតយុទ្ឋជន ការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩  ឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវលាងដៃនិងសាប៊ូពេលនៅផ្ទះ  ឬលាងដៃនឹងអាកុល នៅពេលចូលក្នុងចំណោមមហាជន ហូបស្អាត ផឹកស្អាត រស់នៅស្អាត សំអាតបរិស្ថានជុំវិញកន្លែងរស់នៅ ដើម្បីបញ្ជ្រៀសការកើតជម្ងឺផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក្នុងស្មារតីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្តេជ្ញា ចុះស្រាវជ្រាវជាក់ស្ដែងចំពោះអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដោយយោងតាម បទបញ្ជារបស់ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ដើម្បីត្រៀមរៀបចំទីតាំងដីនេះ សាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ចំនួន ២០០គ្រួសារ ដែលជាដីសម្បទានសង្គមកិច្ច ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួម ប្រធានមន្ទីរសង្គមនិងក្រុមលេខាធិកាដ្ឋានសមាគម អតីតយុទ្ធជនព្រមទាំងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុង/ស្រុកទាំង៩ ចូលរួម ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានចេញលិខិតលេខ ៧៦៣ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០ ជូនឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ រៀបចំដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំដីសាងសង់ផ្ទះជូនអតីតយុទ្ធជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចជានិច្ចកាលតែងតែគិតគូរ ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ និងដើម្បីតបស្នងសងគុណ នូវគុណបំណាច់ដែលកន្លងមក បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ តស៊ូល្អបង់គ្រប់បែបយ៉ាង ដើម្បីប្តូរយកសន្តិភាពរហូតមកដល់ពេលនេះ បើគ្មានអតីតយុទ្ធជនទេ ក៏គ្មានសន្តិភាពក្នុងពេលនេះដែរ ហើយសម្តេចមិនដែលបោះបង់ប្អូនណាម្នាក់ឡើយ និងកំពុងតែជម្រុញឲ្យដោះស្រាយជាបន្ទាន់ផងដែរ ចំពោះអតីតយុទ្ធជនដែលនៅសល់។

ដោយ ប៊ុន រដ្ឋា