កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់អាជ្ញាធរ សមត្ថកិច្ច ស្រុកកងមាស សម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន៣ សម្រាប់ត្រៀម និងបង្ការការរីករាលដាលនៃជំងឺកូវិដ១៩នេះ រួមមាន ដាក់ស្នេីឲ្យ បងប្អូនប្រជាពលរដ្ឋណា ដែលទើបតែត្រឡប់មកពីបណ្ដាប្រទេសនានា ឲ្យពួកគាត់រស់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃសិន ព្រមទាំងពិនិត្យនៅសំណាកសម្រាប់តាមដានថាមានជំងឺ កូវីដ១៩ឬទេ។ ព្រមទាំងធ្វើការអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានឲ្យច្បាស់ពីជំងឺកូវីដ១៩នេះ ដោយឆ្លងតាមរយៈអ្វីខ្លះ ដោយធ្វើការសំអាតអនាម័យជាប្រចាំសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ព្រមទាំងសូមអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច អោយគាត់យល់ដឹង និងអនុវត្តតាម។ 
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុកដាក់លើមុខសញ្ញា ដែលមានការពាក់ព័ន្ធជាមួយជនជាតិ ម៉ាឡេស៊ី ចំនួន ០៧នាក់ ដែលបានរកឃើញមានផ្ទុកជម្ងឺកូវីដ១៩ នៅក្នុងឃុំ រការគយ ឃុំ អង្គរបាន និងឃុំ ពាមជីកង នៃស្រុកកងមាស នោះផងដែរ ៕





































